ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុប្រារព្ធទិវាសប្ដាហ៍សហគ្រិនភាពសកល នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញ ដើម្បីជំរុញសកម្មភាពធុរកិច្ចនៅកម្ពុជាឱ្យរីកចំរើនបន្ថែមទៀត។
ថ្លែងក្នុងទិវាសប្ដាហ៍សហគ្រិនភាពសកល ក្រោមប្រធានបទ «ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល» ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ្ញ៉ា វណ្ណ សុខហេង បានថ្លែងថា ការរអភិវឌ្ឍសហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម។
លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ហើយសកម្មភាពធុរកិច្ច ដោយគិតត្រឹមឆ្នាំ២០១៩ មានសហគ្រាសប្រមាណ៥០ម៉ឺនផលិតកម្ម ក្នុងនោះប្រមាណ១ ៦០០គឺជាសហគ្រាសខ្នាតធំ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ១លាន ២សែននាក់។
លោកបន្ថែមថាថា ការបង្កើតបានការងារក្នុងស្រុកទាំងនេះហើយជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស និងបានជំរុញ ដល់ការបង្កើតការងារនៅទូទាំងប្រទេស កាត់បន្ថយចំណាកស្រុក និងបានកាត់បន្ថយអត្រាគ្មានការងារឱ្យថយចុះផងដែរ។
លោកថ្លែងថា៖ «ទាំងនេះហើយគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម»។
អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានប្រសាសន៍ថ្លែងដោយសង្ឃឹមថា ការរៀបចំពិធីទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជានៅក្នុងខេត្តព្រះសីហនុនេះនឹងជំរុញនូវកិច្ចសហការរវាងវិស័យរដ្ឋនិងឯកជន ឯកជននិងឯកជន ដើម្បីរកមធ្យោបាយបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើននូវប្រសិទ្ធភាពនៃភាពជាសហគ្រិនរបស់កម្ពុជាបន្ថែមផងដែរ។
ការប្រារព្ធពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា គឺបានប្រារព្ធលោកស្របគ្នាជាមួយនឹងការប្រារព្ធរបស់សហគ្រិនចំនួន១៩៥ ប្រទេសនៅលើពិភពលោកដែលបានកំពុងដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើឱ្យមានលំហ និងលំនឹងសេដ្ឋកិច្ចពិភពលោកដោយបានផលិតនិងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគសម្ភារៈបរិក្ខាចាំបាច់សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់មនុស្សទាំងអស់គ្នា៕