បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំមន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ រួមនឹងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី យុវជន សិស្សានុសិស្សជាច្រើននាក់ បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) ដែលបានប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនបារាំងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលទទួលឯករាជ្យ ព្រះមហាវីរក្សត្រ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថាចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តទៅកម្ពុជាជាប្រទេសឯករាជ្យមួយមិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយ កម្ពុជានឹងស្រលាញ់រាប់អានបារាំងក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា។
លោកបានរំលឹកពីព្រះរាជបូជនីយកិច្ចរបស់អតីតអង្គព្រះមហាក្សត្រដែលបានទាមទារដោយសន្តិភាពក្នុងការយកឯករាជ្យពីបារាំងវិញគឺជាការការងារការទូតដ៏លំបាកមួយដែលទាមទារឱ្យមានការលះបង់ប្រាជ្ញាស្មារតីជាខ្លាំងទើបអាចសម្រេចបាន។ ការទាមទារឯករាជ្យពីបារាំងដោយព្រះបាទ នរោត្តម សីហនុ ជាទ្រង់ញាណដែលត្រឹមត្រូវបំផុតដែលបញ្ជៀសការធ្វើសង្គ្រាមដើម្បីឯករាជ្យ ដែលជាហេតុធ្វើឱ្យកម្ពុជារីកចំរើនខ្លាំងក្លាក្រោយពីអាណានិគមដកនៅឆ្នាំ១៩៥៣មក។
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គឡើងគ្រងរាជសម្បត្តិថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ព្រះអង្គបានលះបង់ព្រះកាយពល ក្នុងការកសាងជាតិមាតុភូមិ លើកមុខមាត់ប្រទេស និងបានទាមទារឯករាជ្យពីអាណានិគមបារាំងបានជោគជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
កម្ពុជាក្រោមការដឹកនាំរបស់អតីតអង្គព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ បានក្លាយជារដ្ឋដែលមានឥទ្ធិពលមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕