ព្រះមហាក្សត្ររាជានុញ្ញាតប្រមុខរដ្ឋស្ដីទីពន្លត់ទៀនជ័យក្នុងពេលព្រះអង្គយាងទៅចូលរួមមហាសន្និបាតអង្គការយូណេស្គូ
ភ្នំពេញ៖ បន្ទាប់ពីដុតទៀនជ័យអបអរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ នៅវិមានឯករាជ្យនៅព្រឹកនេះ ព្រះមហាក្សត្រសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចរាជានុញ្ញាតឱ្យប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនា សាយ ឈុំ ពន្លត់ទៀនជ័យនៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ។
ការរាជានុញ្ញាតឱ្យសម្ដេចវិបុលសេនាពន្លត់ទៀនជ័យជំនួសព្រះអង្គគឺដោយសារព្រះមហាក្សត្រ ទ្រង់នឹងយាងចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងរាជសារឡាយព្រះហស្ថលេខាថ្ងៃទី៥ ខែវិច្ឆិកា ដែល EAC News ទើបទទួលបាន ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជអង្ការថា៖ « ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចប្រមុខរដ្ឋស្ដីទី នឹងអញ្ជើញជាព្រះរាជតំណាងនៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ» ។
ក្រសួងកាបរទេសឱ្យដឹងកាលពីម្សិលមិញថាក្នុងពេលដែលព្រះមហាក្សត្រចូលរួមសន្និបាតអង្គការយូណេស្គូនៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះអង្គក៏នឹងថ្លែងសន្ទុរកថាដោយផ្ទាល់មួយផងដែរ។
យោងតាមរដ្ឋធម្មនុញ ក្នុងពេលដែលព្រះមហាក្សត្រពុំអាចបំពេញរាជភារៈបានដូចធម្មតា ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ច ប្រមុខរដ្ឋ ជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ៕