លោក ហ៊ុន ម៉ានី អរគុណអតីតអង្គព្រះមហាក្សត្រដែលតស៊ូទាមទារបានឯករាជ្យជាតិ និងប្ដេជ្ញាការពារឯករាជ្យដែលបានមកនេះមិនឱ្យបាត់បង់
ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានអបអរខួប៦៨ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២១ ដោយបានរំលឹកនូវការលះបង់របស់អតីតអង្គព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ ដែលទាមទារឯករាជ្យជូនជាតិមាតុភូមិ ប្រកបដោយជោគជ័យកាលពីឆ្នាំ១៩៦៣។
លោកប្ដេជ្ញាបន្តការថែរក្សាឯករាជ្យជាតិដែលបានមកដោយលំបាកនេះមិនឱ្យបាត់ទៅវិញនោះឡើយ។
លោក ហ៊ុន ម៉ានីបានសរសេរលើហ្វេសបុកផេកលោកថា៖ «គម្រូព្រះវីរភាពដ៏ថ្លៃថ្លានេះ បានស្ថិតក្នុងការចងចាំនៃយើងខ្ញុំជាកូនចៅគ្រប់ៗជំនាន់។ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាបន្តដង្ហែតាមព្រះវីរភាពដ៏ថ្លៃថ្លានេះក្នុងការចូលរួមថែរក្សាឯករាជ្យជាតិកម្ពុជាឱ្យនៅរឹងមាំ ឋិតឋេរជានិច្ចតទៅ ដោយមិនអនុញ្ញាតឱ្យមានការប៉ុនប៉ងយាយី និងបំផ្លិចបំផ្លាញណាមួយអាចកើតមានឡើងបានជាដាច់ខាត» ។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អតីតអង្គព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ អាណានិគមនិយមបារាំងបានប្រគល់ឯករាជ្យដល់កម្ពុជាទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បន្ទាប់ពីគ្រប់គ្រងកម្ពុជាអស់រយៈពេល៩០ឆ្នាំ៕