សម្ដេចតេជោ៖ បុណ្យឯករាជ្យជាតិធ្វើឱ្យយើងរលឹកឃើញដល់ព្រះរាជសកម្មភាពរបស់សម្ដេចនរោត្តម សីហនុ ដែលបានលះបង់សម្រាប់ជាតិខ្មែរ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង និងបាននឹករលឹកដល់អតីតអង្គព្រះមហាក្សត្រដែលបានលះបង់ជូនជាតិមាតុភូមិ។
សម្ដេចតេជោ បានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា៖ «ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា» ។
ស្របគ្នានឹងខួប៦៨ឆ្នាំនៃទិវាឯករាជ្យជាតិ ថ្ងៃនេះក៏ជាខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ។ សម្ដេចតេជោបានអបអរការបង្កើតនេះជាមួយនឹងបទចម្រៀងមួយបទនឹងបានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចផងដែរ។
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គឡើងគ្រងរាជសម្បត្តិថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ព្រះអង្គបានលះបង់ព្រះកាយពល ក្នុងការកសាងជាតិមាតុភូមិ លើកមុខមាត់ប្រទេស និងបានទាមទារឯករាជ្យពីអាណានិគមបារាំងបានជោគជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
កម្ពុជាក្រោមការដឹកនាំរបស់អតីតអង្គព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ បានក្លាយជារដ្ឋដែលមានឥទ្ធិពលមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕