ស្ទឹងត្រែង៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា បានឱ្យ EAC News ដឹងថាសមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកទោសហែកគុកចំនួន៧នាក់ដែលបានវាយកម្ទេចរបងពន្ធនាគារខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង រត់គេចខ្លួនកាលពីម៉ោងជាង៣ទាបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក នុត សវនា បានបញ្ជាក់ថា ជនល្មើសទាំង៧នាក់បានហែកគុករត់ចេញដោយមានទូករង់ចាំនៅឡើងតាមដៃទន្លេមេគង្គ។ លោកមិនអាចបញ្ជាក់លំអិតបាននៅឡើយទេដោយសាររក្សាតម្រុយសម្រាប់សមត្ថកិច្ចធ្វើការ។
លោកថា៖ «ជនជាប់ចោទទាំង៧នាក់នោះវាបានវ៉ៃជញ្ជាំងគុករួចវាលួចទូកអ្នកភូមិឆ្លងទៅត្រើយម្ខាងទៀត។ ម្ដុំហ្នឹងវាមានដូចជាមាត់ទឹកចេញពីព្រៃកន្លែងដែលវាវ៉ៃចេញហ្នឹងទៅមានទឹកដូច្នេះវាឆ្លងទឹកហ្នឹងតាមទូក»។
យោងតាមហ្វេសបុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្ហាញមុខអ្នកទោសទាំង៧នាក់នោះ នឹងបានអំពាវនាវឱ្យពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនជាឃើញអ្នកទោសមានភិនភាគដូចដែលបានបង្ហាញ។ ក្នុងចំណោមអ្នកទោសទាំង៧នាក់នោះ មាន៦នាក់ជាប់ទោសពាក់ព័ន្ធនឹងគ្រឿងញៀន និងម្នាក់ជាប់ពាក់ព័ន្ធនឹងអំពើប្លន់ដោយប្រើទារុណកម្ម និងអំពើឃោឃៅ៕