ភ្នំពេញ៖ មេបញ្ជាការទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល ដែលបានទទួលមរណភាព។
លោកឧត្តមសេនីយឯក អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ នៅគេហដ្ឋាននៃសពក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៩ឆ្នាំ។
ក្នុងសាររំលែកទុក្ខគ្រួសារ លោក ងួន ញ៉ិល កាលពីថ្ងៃទី៥ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួល រន្ធត់ចិត្តពេលបានដឹងថាអនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាព។
លោកចាត់ទុកការធ្វើមរណកាលរបស់ លោក ងួន ញ៉ិល ជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបដែលបានលះបង់កំលាំងកាយចិត្តប្រាជ្ញាស្មារតីវីរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ចជូនជាតិនិងប្រជាជន។
លោកបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ របស់លោក ងួន ញ៉ិល បានចាប់បដិសន្ធិនិងសោយសុខក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាត។
លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយបច្ចុប្បន្នគឺជាអនុប្រធានទី១ នៃសភាជាតិកម្ពុជា៕