(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៤រួមមាន៖
១,ហាង The Pizza Company សាខា ស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ
២, មន្ទីរសំរាកព្យាបាល កុមារពេជ្រ ២ ដែលមានទីតាំងផ្លូវជាតិលេខ ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅមើលថែប្រពន្ធរបស់ខ្លួន ដែលសំរាកព្យាបាលនៅទីតាំងខាងលើនេះ
៣,មជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល (ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងខាងលើនេះ
៤,វិទ្យាល័យជាស៊ីម បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង៧ ដល់ម៉ោង ៩៖៣០នាទីព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាកសាំងនៅទីតាំងខាងលើនេះ
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៤នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕