ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអនុប្រធានទី១ នៃរដ្ឋសភាលោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីព្រឹកម្សិលមិញ។
សម្ដេចពញាចក្រី អញ្ជើញទៅគោរពវិញ្ញាក្ខន្ធដោយផ្ទាល់ នៅគេហដ្ឋាននៃសពក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អនុប្រធានទី១ នៃរដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ។
ក្រោយពីបានទទួលដំណឹងនេះ សម្ដេចពញាចក្រី ហេង សំរិន បានសរសេរនៅលើហ្វេសបុកសម្ដេចថា សម្ដេចមានសេចក្តីរន្ធត់តក់ស្លុតនិងក្រៀមក្រំជាទីបំផុត និងបានចាត់ទុកការបាត់បង់លោក ងួន ញ៉ិល គឺជាការបាត់បង់សហការីដ៏ល្អមួយរូប ដែលពោពេញដោយសមត្ថភាពផងដែរ។
ជាអ្នកនៅក្បែរ លោក ងួន ញ៉ិល មួយរូបសម្ដេចពញាចក្រី បានលើកឡើងថា៖ «មរណភាពរបស់ឯកឧត្តម (ងួន ញ៉ិល) ជាការបាត់បង់នូវឥស្សរជនដ៍ឆ្នើមមួយរូបរបស់រដ្ឋសភា ក៍ដូចជាប្រទេសជាតិទាំងមូល និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទូត ដែលជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពង់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើប្រទេសជាតិ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ» ។
សម្ដេចពញចក្រី ហេង សំរិន បានបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពលោក ងួន ញ៉ិល បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។
លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយបច្ចុប្បន្នគឺជាអនុប្រធានទី១ នៃសភាជាតិកម្ពុជា៕