ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អមដំណើរដោយសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអនុប្រធានទី១រដ្ឋសភាលោក ងួន ញិល ដែលបានទទួលមរណភាព។
សពលោក ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កាលពីម្សិលមិញបន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោក ងួន ញ៉ិល សម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខដល់ក្រុមគ្រួសារសព ដោយសម្ដេចលើកឡើងថាសម្ដេចមានការរំជួលចិត្តឥតឧបមាពេលដែលបានឮដំណឹងនេះ និងបានចាត់ទុកការបាត់បង់លោក ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់។
លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានទី១ នៃសភាជាតិកម្ពុជា។ លោកបានទទួលមរណភាពនៅវេលាម៉ោង១០និង៣៦នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ៕