ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្ររាជានុញ្ញាតដល់ឯកអគ្គរដ្ឋទូតបារាំងថ្មីថ្វាយសារតាំងដើម្បីក្លាយជាឯកអគ្គរដ្ឋទូតពេញសិទ្ធិនៅកម្ពុជា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឱ្យលោក Jacques Pellet (ហ្សាក់ប៉ឺឡេ) ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង វេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការថា្វយសាតាំងនេះជាសញ្ញាបញ្ជាក់ថា លោក Jacques Pellet ត្រូវបានទទួលស្គាល់និងមានលក្ខណៈផ្លូវការជាឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា។

ក្នុងឱកាសថ្វាយសាតាំងនោះផងដែរលោក Jacques Pellet (ហ្សាក់ប៉ឺឡេ) បានថ្វាយដង្វាយ វត្ថុអនុស្សាវរីយ៍ជារ៉ែត្បូងថ្មកែវ ដែលបង្ហាញអំពីសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសបារាំង។ វត្ថុដ៏មានតម្លៃនេះត្រូវបានគេចាត់ទុកថាជាការបង្ហាញពីមនោសញ្ចេតនា គោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយសង្ឃឹមថានឹងនាំមកនូវមិត្តភាពដ៏ជ្រាលជ្រៅសំរាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរបន្ថែមទៀត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គសព្វ ព្រះរាជហឬទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋបារាំងនូវផ្តិលប្រាក់ ដែលឆ្លាក់ដោយយកចិត្តទុកដាក់របស់ជាងចម្លាក់ខ្មែរ និងសៀវភៅឯកសារចំនួន៥ទៀតទាក់ទងនឹងការលះបង់របស់ព្រះករុណាព្រះមហាវីរក្សត្រចំពោះជាតិមាតុភូមិ និងការទាមទារឯករាជ្យក៏ដូចជាការកសាងប្រទេសបន្ទាប់ពីប្រទេសបានឯករាជ្យ សៀវភៅ អំពីព្រះរាជសកម្មភាពក្នុងព្រះរាជពិធីបុណ្យជាប្រវត្តិសាស្រ្តនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិនៃអង្គព្រះករុណាព្រះមហាក្សត្រសៀវភៅប្រវត្តិព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ និងសៀវភៅអំពីប្រវត្តិព្រះបរមរាជវាំងនិងព្រះមហាក្សត្រនៅព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជទាននូវការគាំទ្រ១០០% ចំពោះការបំពេញបេសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមជឿជាក់ក្នុងអណត្តិបំពេញបេសកកម្មរបស់ឯកអគ្គរដ្ឋទូតបារាំងថ្មី នឹងធ្វើអោយទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការទ្វេភាគីលើគ្រប់វិស័យ រវាងប្រជាជាតិនៃប្រទេសទាំងពីរកម្ពុជា-បារាំង មានការរីកចំរើនរឹងមាំបន្ថែមទៀត។

ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងបានប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរមានការរីកចំរើន ស្និតស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ។

ទំនាក់ទំនងកម្ពុជា-បារាំង ចាប់ផ្ដើមនៅឆ្នាំ១៨៦៣ ពេលដែលបារាំងទទួលសាររបស់ព្រះបាទនរោត្តម សុំឱ្យមកជួយកម្ពុជាក្នុងពេលដែលប្រទេសថៃ និងវៀតណាមកៀបកាន់តែខ្លាំង។ ការមករបស់បារាំងនៅពេលនោះបានយកកម្ពុជាជាដែនដីអាណាព្យាបាលរបស់ខ្លួន រហូតដល់ឆ្នាំ១៩៥៣ ទើបផ្ដល់ឯករាជ្យមកឱ្យកម្ពុជាក្រោមការទាមទារពីអតីតអង្គព្រះមហាក្សត្រសម្ដេច នរោត្តម សីហនុ។

គួរបញ្ជាក់ផងដែរថា ឯកអគ្គរដ្ឋទូតបារាំងថ្មីលោក ហ្សាក់ ប៉ឺឡេ កើតនៅឆ្នាំ១៩៦២ លោកទទួលបានសញ្ញាបត្រពីវិទ្យាស្ថានសិក្សានយោបាយទីក្រុង Grenoble និងលោកបានសិក្សាភាសា និងអារ្យធម៌ចិននៅសាកលវិទ្យាល័យហ្សឺណែវ ពីឆ្នាំ១៩៨៧-១៩៩១ បន្ទាប់មកនៅសាកលវិទ្យាល័យប៉េកាំងពីឆ្នាំ១៩៩១-១៩៩២។

លោកបានចាប់ផ្តើមមុខអាជីពផ្នែកការទូតនៅឆ្នាំ១៩៩៥ នៅនាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងការបរទេសបារាំង ដែលនៅទីនោះលោកទទួលបន្ទុកការងារពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកធ្លាប់បានបំពេញទស្សនកិច្ចចំនួនពីរដងនៅកម្ពុជាកាលពីឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦ ហើយជាសមាជិកនៃគណៈប្រតិភូបារាំង ក្នុងអំឡុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចព្រះនរោត្តមសីហនុនៅប្រទេសបារាំងកាលពីឆ្នាំ១៩៩៦ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង ហ្សាក់ ស៊ីរ៉ាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក