ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានសម្ដែងនូវទុក្ខក្រៀមក្រំចំពោះលោក ងួន ញ៉ិល ដែលបានទទួលមរណភាព និងបានចាត់ទុកជាបាត់បងកុលបុត្រខ្មែរម្នាក់ដែលបានលះបង់ជូនជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សកន្លងមក។
ក្នុងលិខិតចូលរួមមរណទុក្ខចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា៖ «គណបក្សប្រជាជនកម្ពុជាមានការសោកស្ដាយគ្មានអ្វីផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមចារឹកទុកនូវរាល់ស្នាដៃ ឧត្តមគតិ គំរូវីរភាពនិងគុណបំណាច់របស់ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញិល ជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំដ៏ល្អ និងជាសកម្មជនដ៏ឆ្នើមរបស់គណបក្ស ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជាកន្លងមក» ។
លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានទី១ នៃសភាជាតិកម្ពុជា។ លោកបានទទួលមរណភាពនៅវេលាម៉ោង១០និង៣៦នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ៕