កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក ងួន ញ៉ិល ជានរណា?

ភ្នំពេញ៖ កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ងួន ញ៉ិល គឺជាកូនរបស់គ្រួសារកសិករ។ លោកជាអ្នកស្រលាញ់ការសិក្សារៀនសូត្រម្នាក់ដែលបានបញ្ចប់បរិញ្ញាបត្រគរុកោសល្យ ពីមហាវិទ្យាល័យគរុកោសល្យក្នុងឆ្នាំ១៩៦៤នៃរាជរដ្ឋាភិបាលសម្ដេចព្រះនរោត្តម សីហនុ និងបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមនៅឆ្នាំ១៩៩២។ ក្រៅពីសញ្ញាបត្រទាំងនេះលោកក៏ត្រូវបានសាកលវិទ្យាល័យ Fast East នៃប្រទេសកូរ៉េផ្ដល់សញ្ញាបត្រកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយនៅក្នុងឆ្នាំ២០១១ និងទទួលសញ្ញាបត្រកិត្តយសផ្នែកវិទ្យាសាស្ត្រសង្គមពីសកលវិទ្យាល័យ ឆាត្រាប៉ាទី សាហូជី មហារាជ នៃសាធារណរដ្ឋឥណ្ឌាក្នុងឆ្នាំ២០១៩ផងដែរ។

លោក ងួន ញ៉ិល បានរៀនការជាមួយលោកស្រី ញ៉ែម សុផានី មានកូន៦នាក់ ប្រុស៤នាក់និងស្រី២នាក់ (ស្លាប់២នាក់ក្នុងសម័យខ្មែរក្រហម)។ ដោយឡែកភរិយារបស់លោកគឺលោកស្រី ញ៉ែម សុផានី បានទទួលមរណៈក្នុងឆ្នាំ២០១១។

លោកចាប់ផ្ដើមការងារដំបូងជាងគ្រូបង្រៀននៅស្រុកសន្ទុក ខេត្តកំពង់ធំ ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ និងក្លាយជាមន្ត្រីដឹកនាំធ្វើការនៅអធិការដ្ឋាន ខេត្តកំពង់ធំ ផ្នែកបច្ចេកទេសគរុកោសល្យពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ក្រោយខ្មែរក្រហមផ្ដួលរំលំខ្មែរសាធារណរដ្ឋក្នុងឆ្នាំ១៩៧៥ លោកក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតត្រូវរងគ្រោះពីបង្ខំឱ្យធ្វើពលកម្មតាមការដ្ឋាន និងស្រែចម្ការ រហូតក្រោយឆ្នាំ១៩៧៩លោកបានលេចមុខក្នុងជួរបក្សប្រជាជនកម្ពុជា។

ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះលោកត្រូវបានរដ្ឋាភិបាលថ្មីឱ្យធ្វើជាប្រធានភូមិ បន្ទាប់មកឡើងជាប្រធានឃុំ និងចុងក្រោយឡើងជាប្រធានស្រុកបារាយណ៍ មុននឹងត្រូវជ្រើសរើសជាប្រធានខេត្តកំពង់ធំពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥។ ក្នុងឆ្នាំ១៩៨៥ លោកត្រូវឡើងមកធ្វើជាលេខាបក្សនៅរដ្ឋធានីភ្នំពេញរហូតដល់ឆ្នាំ១៩៨៩។

ក្នុងឆ្នាំ១៩៩០ លោកបានក្លាយជាសមាជិកម្នាក់នៃសមាជិកទាំង១៥នាក់ក្នុងការិយាល័យនយោបាយនៃគណបក្សប្រជាជនកម្ពុជា។

លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ និងបានក្លាយជាសមាជិករដ្ឋសភាមណ្ឌលកំពង់ធំពីឆ្នាំ១៩៩៣ បានក្លាយជាអនុប្រធានទី២នៃរដ្ឋសភាក្នុងឆ្នាំ១៩៩៨ និងបានក្លាយជាអនុប្រធានទី១ក្នុងអាណត្តិទី៣និងទី៤ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤ដោយមានការឯកភាពនយោបាយរវាងបក្សប្រជាជន និងអតីតបក្សសង្គ្រោះជាតិ លោកត្រូវជ្រើសតាំងជាអនុប្រធានទី២វិញ មុននឹងត្រូវបានជ្រើសរើសជាអនុប្រធានទី១ ក្នុងឆ្នាំ២០១៨រហូតដល់បច្ចុប្បន្ន។

គិតចាប់តាំងពីបានក្លាយជាសមាជិក និងអនុប្រធានរដ្ឋសភា លោក ងួន ញ៉ិល បានជួយពិនិត្យនិងអនុម័តលើសេចក្ដីព្រាង និងសេចក្ដីស្នើច្បាប់របស់កម្ពុជាជិត៦០០ច្បាប់ហើយ។

ក្នុងកិច្ចការជួយជាតិមាតុភូមិ លោកក៏បានទទួលគ្រឿងឥស្សរិយយសចំនួន១៣ រួមមាន គ្រឿងឥស្សរិយយសឯករាជ្យជាតិ គ្រឿងឥស្សរិយយសជាតិតូបការ(បួនគ្រឿង) គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា គ្រឿងឥស្សរិយយសសុវត្ថារាថ្នាក់មហាសេនា និងគ្រឿងឥស្សរិយសយុទ្ធជ័យថ្នាក់លេខ២។

លោកត្រូវបានព្រះមហាក្សត្រប្រោសប្រទានគោរមងារកិត្តិយសជា «កិត្តិនីតិកោសលបណ្ឌិត» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

មរណភាពរបស់លោក ងួន ញ៉ិល ត្រូវបានពលរដ្ឋ មន្ត្រីរាជការ អ្នកមុខអ្នកការជាច្រើនមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលជាទីបំផុត ក្នុងនោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារសពផងដែរថា៖ «ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។ ខណៈខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ» ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក