សមត្ថកិច្ចខេត្តបន្ទាយមានជ័យដុតបំផ្លាញជ្រូកក្លាស្សេចំនួន ១៦០ក្បាល ដែលនាំចូលដោយខុសច្បាប់ពីប្រទេសថៃ
បន្ទាយមានជ័យ៖ កម្លាំងអន្តរាគមបង្ក្រាបបទល្មើសការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ចាប់និងដុតបំផ្លាញជ្រូកបង្កកចំនួន១៦០ក្បាលដែលត្រូវបានដឹកជញ្ជូនចេញពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២១។
សមត្ថកិច្ចឲ្យដឹងថា ជ្រូកបង្កកទាំង១៦០ក្បាលនោះត្រូវបានរកឃើញក្នុងរថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានអ្នកបើកបរដោយឈ្មោះ យន សាម៉េត អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតិដឹកជញ្ជូនអ្វីទាំងអស់និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលធ្វើឱ្យប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចំរុះសម្រេចដុតកំទេចចោលតែម្តង៕
PHOTO: ROEURNG CHANTREA