ភ្នំពេញ៖ យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ នឹងត្រូវតុលាការដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខបន្ទាប់ពីជាប់ពន្ធនាគារ៤ខែ១៥ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់សាលាដំបូងរាជធានីភ្នំពេញ។
កាក់ សុវណ្ណច្ឆ័យ ត្រូវបានចោទប្រកាន់និងឃុំខ្លួនក្នុងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទប្រមាថ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយសាលាដំបូងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី១ ខែវិច្ឆិកា តុលាការបានសម្រេចផ្តន្ទាទោសយុវជនរូបនេះឱ្យជាប់ពន្ធនាគារ៨ខែ ដោយអនុវត្តទោស៤ខែ១៥ថ្ងៃ ហើយទោសដែលសល់ប៉ុន្មានត្រូវព្យួរ។
សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ការព្យួរទោសនេះគឺ «គិតដល់ប្រយោជន៍របស់អនីតិជន» ជាចំបង។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «រយៈពេលកន្លងមក ជននេះធ្លាប់បានប្រព្រឹត្តសកម្មភាពប្រហាក់ប្រហែលនេះម្ដងរួចមកហើយ។ ជននេះត្រូវបានសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោយមិនបានចោទប្រកាន់តាមនីតិវិធីតុលាការនោះទេ ព្រោះយល់ថាជាអនីតិជនដែលបានប្រព្រឹត្តិអំពើនេះជាលើកដំបូង ប៉ុន្ដែជននេះនៅតែមិនកែប្រែខ្លួន ទើបមានវិធានការតាមផ្លូវច្បាប់ចំពោះករណីលើកទី២នេះ» ។
តុលាការក៏បានច្រានចោលការលើកឡើងថា កាក់ សុវណ្ណច្ឆ័យ មានជំងឺអូទីហ្ស៊ីមផងដែរ ដោយថាតាមការពិនិត្យសុខភាពយុវជនម្នាក់នេះគឺមានសភាពធម្មតាដូចក្មេងដទៃ។
ការបញ្ជាក់របស់សាលាដំបូងរាជធានីភ្នំពេញគឺបន្ទាប់ពីមានការរឹះគន់ពីចំណាត់ការផ្លូវច្បាប់ និងការកាត់ទោស កាក់ សុវណ្ណច្ឆ័យ ដោយសង្គមស៊ីវិលមួយចំនួន និងអគ្គរដ្ឋទូតអាមេរិកកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Partrick Murphy បានសរសេរនៅលើ twitter របស់លោកកាលពីថ្ងៃទី១ ខែវិច្ឆិកាថា៖ «ខ្ញុំសោកស្ដាយដែលបានឮថាតុលាការក្រុងភ្នំពេញបានកាត់ទោសកុមារឱ្យជាប់ពន្ធនាគារក្រោមអ្វីដែលមើលឃើញថាស្ថិតក្រោមឥទ្ធិពលនយោបាយ។ តើការដាក់គុកក្មេងជំទង់ដែលជាកូនរបស់សកម្មជនបក្សប្រឆាំងជាការគោរពសិទ្ធិមនុស្សដែរឬទេ?»
អ្នកនាំពាក្យក្រសួងយុត្ដិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានឆ្លើយតបថាការផ្ដន្ទាទោសតាមផ្លូវតុលាការមិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដោយបានឆ្លើយត្រឡប់ទៅវិញថា អ្វីដែលជាការរំលោភសិទ្ធិមនុស្សនោះគឺការបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធច្បាប់ ដោយប្រកាន់នូវព័ណ៌សម្បុរនិងពូជសាសន៍។
លោកបញ្ជាក់ថា៖ «ការអនុវត្តច្បាប់តាមផ្លូវតុលាការនិងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហឹង្សានិងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរនិងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដនិងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍»។