ឈីលី៖ អាជ្ញាធរក្នុងតំបន់បានសម្រេចក្នុងការដកឈ្មោះរបស់ខ្សែបម្រើ Arturo Vidal ចេញពីឈ្មោះកីឡដ្ឋានមួយនៃតំបន់ដែលជាទីកន្លែងកំណើតរបស់កីឡាកររូបនេះ ដែលទង្វើនេះបណ្តាលឱ្យមានប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងពីសាមីខ្លួនកីឡាករ Vidal ផ្ទាល់។
អភិបាលក្រុង San Joaquin ដែលជាសហគមន៍ធំមួយនៅតំបន់ Santiago បាននិយាយថា ពួកគេបានសម្រេចចិត្តដកឈ្មោះ Vidal ចេញដោយសារតែ "ការយល់ច្រឡំ" ថាខ្សែបម្រើប្រយុទ្ធបានជួយផ្តល់មូលនិធិដល់ការសាងសង់កីឡដ្ឋាននេះ។ ប៉ុន្តែយ៉ាងណាមិញ បើតាម Arturo Vidal បានបញ្ជាក់ថា លោកជាអ្នកស្នើឱ្យអាជ្ញាធរដកឈ្មោះលោកចេញពីកីឡដ្ឋាននេះដោយខ្លួនឯង ជុំវិញជម្លោះ និងការទាស់ទែងគ្នាលើការផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងបានបង្ហាញខ្លួនក្នុងការប្រកួត។
អភិបាលក្រុង San Joaquin លោក Cristobal Labra បានប្រាប់ទៅកាន់គេហទំព័រឈីលី Redgol ថា៖ "កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិការជាតិសុទ្ធសាធ ដោយសារមូលហេតុនេះហើយទើបយើងបានសម្រេចដកឈ្មោះ Vidal ចេញ ដោយទុកត្រឹមឈ្មោះថា San Joaquin Municipal stadium"។
ដោយឡែក Arturo Vidal ដែលជាអតីតកីឡាករប្រកបអាជីពជាមូយក្លិប Juventus, Bayern Munich និង Barcelona និងបច្ចុប្បន្នកំពុងមានឈ្មោះលេងឱ្យក្លិប Inter Milan បានលើកឡើងផ្ទុយពីនេះ ដោយលោកបានអះអាងថា លោកជាអ្នកស្នើឱ្យអាជ្ញាធរដកឈ្មោះលោកចេញពីកីឡដ្ឋាននេះខ្លួនឯង។ តាមរយៈការ Live លើ Instagram របស់កីឡាករខាងលើនេះផ្ទាល់បានបញ្ជាក់ថា លោកបានទាក់ទង និងបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលបាល់ទាត់ និងការអភិវឌ្ឍន៍អនាគតកីឡាករ ប៉ុន្តែយើងពុំដែលបានទទួលចម្លើយល្អណាមួយពីភាគីអ្នកគ្រប់គ្រងកីឡដ្ឋានឡើយ ដែលនេះជាមូលហេតុនាំឱ្យលោកមានការខឹងសម្បារខ្លាំង។ Vidal បានបន្ថែមថា៖ "វាដូចជាមិនស្មើភាពគ្នាទាល់តែសោះព្រោះខ្ញុំបានអនុញ្ញាតឱ្យពួកគេប្រើប្រាស់ឈ្មោះខ្ញុំដោយមិនទាមទារអ្វីទាំងអស់ ប៉ុន្តែពួកគេមិនបានផ្តល់ឱកាសឱ្យក្មេងនៅតំបន់ San Joaquin បានលេងបាល់ទាត់ដូចអ្វីដែលខ្ញុំទទួលបានកាលពីក្មេងឡើយ"។
Arturo Vidal បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាននេះដំបូងនៅឆ្នាំ២០១២ និងបានចូលរួមសម្ពោធកីឡដ្ឋាននេះនៅឆ្នាំ២០១៦។ គួរបញ្ជាក់ថា កីឡដ្ឋាន San Joaquin Municipal stadium អាចផ្ទុកទស្សនិកជនបាន ៣,៣០០នាក់ និងជាទឹកដីរបស់ក្លិបបាល់ទាត់ Real San Joaquin៕