ភ្នំពេញ៖ លោក ថាច់ សេដ្ឋា ដែលធ្លាប់ជាសមាជិកគណបក្សសមរង្ស៊ី(គណបក្សភ្លើងទៀនបច្ចុប្បន្ន) ធ្លាប់បានចាកចេញពីគណបក្សទៅចូលរួមជាមួយបក្សសង្គ្រោះជាតិ នៅពេលនេះបានត្រលប់ចូលបក្សដើមរបស់លោកវិញហើយបន្ទាប់ពីគណបក្សបានពិនិត្យនិងយល់ព្រមកាលពីម្សិលមិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សភ្លើងទៀនបានស្វាគមន៍លោក ថាច់ សេដ្ឋា ដែលបានចូលរួមជីវភាពនយោបាយជាខ្លួន និងតែងតាំងលោកជាអ្នកនាំពាក្យគណបក្សភ្លើងទៀនថែមទៀតផង។
ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា ការតែងតាំងលោកដោយសារតែលោកធ្លាប់មានអតីតភាពជាស្ថាបនិកគណបក្សតាំងពីបក្សបានបង្កើតដំបូងមក។
ការវិលទៅរកកន្លែងចាស់របស់លោក ថាច់ សេដ្ឋា ត្រូវបាននាយខុទ្ធកាល័យរបស់លោក កឹម សុខា ថាកំពុងធ្វើតាមខ្សែញាក់របស់លោក សម រង្ស៊ី ក្នុងចេតនាត្រៀមខ្លួនប្រមូលអ្នកគាំទ្រឡើងវិញឱ្យចូលបក្សដើមឡើងវិញ និងព្យាយាមបំបាត់លោក កឹម សុខា។
លោក មុត ចន្ថា បានសរសេរនៅលើហ្វេសបុករបស់លោកនាថ្ងៃនេះថា៖ «បបូរមាត់នៅអះអាងថែរក្សាអតីតគណបក្សសង្រ្គោះជាតិ និងបន្តប្រើប្រាស់ពាក្យស្លោកបង្កើតឡើងដោយអត្តនោមតិ សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ តែពីក្រោយខ្នងរៀបចំឈុតឆាកសេនារីយោនយោបាយ និងកលល្បិចចាក់ពីក្រោយខ្នង»។
EAC News នៅមិនទាន់អាចទាក់ទងលោក ថាច់ សេដ្ឋា ដើម្បីសុំការបញ្ជាក់បន្ថែម និងបកស្រាយបាននៅឡើយទេ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកវិភាគនយោបាយលោកបណ្ឌិត គិន ភា យល់ថាការបង្ហាញជំហរកាន់តែច្បាស់របស់ក្រុមលោក សម រង្ស៊ី ចូលប្រឡូកនយោបាយវិញគឺបានបង្ហាញថាភាសា «សម រង្ស៊ី និង កឹម សុខា» ជាមនុស្សតែមួយ បានត្រឹមតែតែជាវោហាសាសន៍នយោបាយតែប៉ុណ្ណោះ តែធាតុពិតអ្នកទាំងពីរកំពុងដើរផ្លូវផ្សេងគ្នារៀងខ្លួន។
លោកថា៖ «ការបែកគ្នារបស់ពួកគាត់វាបានដល់កម្រិតមួយដែលជាក់ស្ដែងហើយ ទាស់ត្រង់ថាមេដឹកនាំទាំងពីរហ្នឹងអត់ហ៊ានប្រកាសបែកគ្នាពេញមុខ ព្រោះខ្លាចបាត់បង់ការគាំទ្រដែលធ្លាប់មានចំពោះពួកគាត់» ។
បើតាមលោកបណ្ឌិត គិន ភា ការវិលត្រលប់ចូលបក្សនយោបាយណាមួយគឺជារឿងធម្មតានោះទេក្នុងសង្គមប្រជាធិបតេយ្យ ខណៈលោកយល់ថានៅពេលនេះគណបក្សភ្លើងទៀនអាចជាគណបក្សមូលដ្ឋានមួយក្នុងការប្រមូលអតីតអ្នកនយោបាយប្រឆាំងឱ្យត្រលប់ចូលបក្សនេះ និងចូលរួមបោះឆ្នោតឡើងវិញ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ គណបក្សសមរង្ស៊ីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយ កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។ ទោះជាយ៉ាងណាក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជាច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) និងគណបក្សសិទ្ធិមនុស្សមិនទាន់មានជំហរយ៉ាងណានៅឡើយទេ៕