
ក្រសួងទេសចរណ៍ណែនាំអាជីវកម្មបៀរហ្គាឌិនចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលបើកអាជីវកម្មឡើងវិញ
ភ្នំពេញ៖ បន្ទាប់ពីបានអនុញ្ញាតឱ្យអាជីវកម្មបៀរហ្គាឌិន បើកអាជីវកម្មឡើងវិញទូទាំងប្រទេសក្រសួងទេសចរណ៍បាននាំឲ្យអាជីវកម្មទាំងនោះអនុវត្តនូវវិធានការសុវត្ថិភាពទេសចរណ៍បន្ថែមដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
វិធានការទាំងនោះរួមមានរៀបចំកែសម្រួលអាជីវកម្មរបស់ខ្លួន ឲ្យស្របតាមលក្ខខណ្ឌតម្រូវតាមបែបគន្លងថ្មី ត្រូវមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាពភ្ញៀវក៏ដូចជាបុគ្គលិករបស់ខ្លួនជាចំបង។
លើសពីនេះត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយត្រូវត្រៀមសហការជាមួយនឹងរដ្ឋាភិបាលជានិច្ចក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
អ្វីដែលសំខាន់នោះគឺត្រូវជំរុញឲ្យបុគ្គលិកទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា និងត្រូវរៀបចំឱ្យមានការស្កេន QR code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធTelegram Bot គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញបន្ទាប់ពីសម្រេចជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ហើយអត្រានៃការឆ្លងជំងឺនេះកាន់តែថមថយទៅ។ ស្របគ្នានឹងការប្រកាសបើកប្រទេសឡើងវិញនេះក្រសួងទេសចរណ៍ក៏សម្រេចប្រកាសឲ្យបើកបៀរហ្គាឌិនឡើងវិញផងដែរនៅថ្ងៃនេះ៕