ភ្នំពេញ៖ ក្រសួងអប់រំបានបញ្ជាឱ្យគ្រឹះស្ថានសិក្សាទាំងអស់បញ្ឈប់ការពិនិត្យរកបណ្ណចាក់វ៉ាក់សាំងលើសិស្សានុសិស្សជាពិសេសកុមារជារៀងរាល់ថ្ងៃ ដោយតម្រូវឱ្យពិនិត្យតែម្ដងប៉ុណ្ណោះនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីបារម្ភនូវការខូចខាត ឬបាត់បង់បណ្ណដែលសិស្សយកទៅតាមខ្លួន។
ក្នុងលិខិតចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «ក្រសួងស្នើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឱ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លងជាការស្រេច» ។
កាលពីម្សិលមិញនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ និងគ្រឹះស្ថានសិក្សាទាំងអស់អនុញ្ញាតឱ្យសិស្សានុសិស្ស កុមារាកុមារី ប្រើប្រាស់ «ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ថតចម្លង» សម្រាប់ប្រើប្រាស់នៅពេលត្រលប់ចូលទៅរៀនវិញ។
ក្រសួងអប់រំបានសម្រេចបើកសាលារៀនទូទាំងប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកាបន្ទាប់ពីបិទអស់ជាង៧ខែដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ការបើកនេះស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែធូរស្រាល កុមារទទួលបានការចាក់វ៉ាក់សាំងកាន់តែច្រើន ហើយរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញជាដំណាក់កាល៕