ព្រះសីហនុ៖ ក្រសួងបរិស្ថានបានសម្រេចជ្រើសយកខេត្តព្រះសីហនុដើម្បីរៀបចំប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាចុងឆ្នាំ២០២១ ដែលនឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជាដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកានេះ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានៅឆ្នាំ២០២១នេះនឹងប្រព្រឹត្តនាថ្ងៃទី១និង២ធ្នូ ក្រោមប្រធានបទ Charting a New Decade of Hope-Healthy Oceans, People and Economy ដែលមានន័យថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃសមុទ្រពិភពលោក។
ប្រទេសដែលនឹងចូលរួមក្នុង វេទិកានេះមានជាង១០ ប្រទេសមកពីខាងក្រៅដូចជាប្រទេសចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត។ ក្រៅពីមានកិច្ចប្រជុំមហាសន្និបាតនេះ ក៏មានវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧នៃភាព ជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ានៅក្នុងខេត្តព្រះសីហនុផងដែរ។
ការប្រជុំនេះគឺស្របគ្នានឹងការប្រកាសបើកប្រទេសទាំងស្រុងឡើងវិញរបស់កម្ពុជា និងការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ៕