បាត់ដំបង៖ ពលករខ្មែរ៥នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរបួសក្នុងហេតុការណ៍រថយន្តបុកទៅនឹងបង្គោលភ្លើងនៅក្នុងប្រទេសថៃ។
ប្រភពព័ត៌មានពីតំបន់ព្រំដែនបានឲ្យដឹងថា ករណីពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅអំឡុងវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសាស្ត្រឃុំវ៉ាំងថង ស្រុកវ៉ាំងសុំប៊ូន ខេត្តស្រះកែវ ប្រទេសថៃ។
រថយន្តដែលគ្រោះថ្នាក់ក្នុងហេតុការណ៍នេះបានដឹកពលករខ្មែរចំនួន ១៣នាក់ មុនពេលកើតហេតុបានបើកបរយ៉ាងលឿន ក៏បាត់ការគ្រប់គ្រងហើយបានរេចង្កូតទៅបុកសសរបង្គោលភ្លើងពេញទំហឹង ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យពលករខ្មែរនៅក្នុងរថយន្តចំនួន ៥នាក់បានស្លាប់ ក្នុងនោះមានបុរស ២នាក់ ស្ត្រី ៣នាក់ ក្រៅពីនេះរងរបួសទាំងអស់។
ប្រភពដដែលបានបញ្ជាក់បន្ថែមថាសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញរៀបចំតម្កល់ទុកដាក់ ចំណែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ៨ នាក់ទៀតបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរទីតាំងកើតហេតុ៕