រដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ឱសថអាមេរិកាំង Molnupiavir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ក្នុងភាពបន្ទាន់
អន្តរជាតិ៖ ក្រសួងសុខាភិបាលអនុញ្ញាតប្រើឱសថឈ្មោះ Molnupiravir ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ក្នុងពេលបន្ទាន់នៃគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩។
យោងតាមវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ថ្នាំឱសថនេះជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា ថ្នាំប្រភេទនេះប្រើប្រាស់តែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលស្ថិតក្រោមការស្រាវជ្រាវនិងវាយតម្លៃ និងក្រោមអទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ននិងក្រុមមនុស្សអាទិភាព។
ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីវិមានសន្ដិភាពថាកម្ពុជាបានបំរុងទិញថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលជាផលិតផលរបស់សហរដ្ឋអាមេរិក ដើម្បីត្រៀមព្យាបាលជំងឺកូវីដ-១៩ ដែលអាចកើតឡើងជាយថាហេតុណាមួយសម្រាប់មនុស្ស៥ម៉ឺននាក់ ដែលសរុបជាទឹកប្រាក់ប្រមាណ២,៥លានដុល្លារអាមេរិក។
សម្ដេចបញ្ជាក់ថា៖ «ពីមុនមានថ្នាំចិន ឥឡូវមានថ្នាំអាមេរិកអាល្អយកអាមេរិកាំង! កុំថាខ្មែររើសអើងរបស់អាមេរិកមិនប្រើ។ អត់ទេ! របស់អ្នកណាក៏ដោយឱ្យតែមានប្រសិទ្ធភាពជួយជីវិតប្រជាជនខ្មែរគឺយើងទិញ» ។
ឱសថ Molnupiravir ជាផលិតផលរបស់ក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍនិងផលិតសម្រាប់ព្យាបាលជំងឺកូវីដ-១៩៕