ភ្នំពេញ៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកាក៏ដោយ ក៏ប៉ុន្ដែដើម្បីបន្តទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យទៅលើអាជីវកម្មដែលមានហានិភ័យខ្ពស់រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្មដែលមានហានិភ័យខ្ពស់ដដែល។ អាជីវកម្មដែលបន្តហាមឃាត់នោះមានខារ៉ាអូខេ រង្គសាល និងឌីស្គូតែក។
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា បានបន្តផ្អាកអាជីវកម្មទាំង ៣ប្រភេទខាងលើរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីតាមដាន ក៏ដូចជាការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាងនេះទៅទៀតនៅថ្ងៃទី២ ខែវិច្ឆិកានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជានេះផងដែរ។
មានតែភោជនីយដ្ឋាន និងបៀរហ្គាឌិន ប៉ុណ្ណោះដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យធ្វើអាជីវកម្មឡើងវិញ។
ជាការពិតទៅអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្គូតែក និងបៀរហ្គាឌិន ត្រូវបានរាប់បញ្ជូលជាប្រភេទអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។ ទោះជាយ៉ាងណានិយមន័យនៃពាក្យទាំង៤នេះវាខុសគ្នាទៅតាមស្ថានភាព និងការរៀបចំរបស់ម្ចាស់អាជីវកម្មនីមួយៗ។
យោងតាមមាត្រា៤ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យឱ្យនិយមន័យលើពាក្យទាំង៤នេះថា៖
- អាជីវកម្មរង្គសាល គឺសំដៅដល់អាជីវកម្មក្នុងអាគារដោយមានការប្រគុំតន្រ្តីនិងច្រៀងសម្រាប់ភ្ញៀវរាំកម្សាន្ត ព្រមទាំងមានការផ្ដល់សេវាភេសជ្ជៈនិងម្ហូបអាហារបន្ទាប់បន្សំ។
- អាជីវកម្មឌីស្គូតែក សំដៅដល់អាជីវកម្មក្នុងអាគារដោយមានការប្រើប្រាស់ឧបករណ៍ចាក់ភ្លេងសម្រាប់ភ្ញៀវរាំកម្សាន្ត ព្រមទាំងមានការផ្ដល់សេវាភេសជ្ជៈ និងម្ហូបអាហារបន្ទាប់បន្សំ។
- អាជីវកម្មខារ៉ាអូខេ សំដៅដល់អាជីវកម្មនៅក្នុងបន្ទប់អាគារដោយប្រើប្រាស់ឧបករណ៍សំឡេងនិងរូបភាព និងអក្សរសម្រាប់ភ្ញៀវច្រៀងកម្សាន្ត ព្រមទាំងមានការផ្ដល់សេវាភេសជ្ជៈ និងម្ហូបអាហារបន្ទាប់បន្សំ។
- អាជីវកម្មបៀរហ្គាឌិន សំដៅដល់អាជីវកម្មដែលមានការប្រគំតន្ត្រីនិងការច្រៀងកំដរភ្ញៀវដោយមានការបម្រើភេសជ្ជៈ និងម្ហូបអាហារគ្រប់ប្រភេទ។
សំណួរសួរថា ហេតុអ្វីបានជាក្នុងចំណោមអាជីវកម្មទាំង៤នេះមានតែបៀរហ្គាឌិនមួយត្រូវបានសាលារាជធានីអនុញ្ញាត?
យើងពិនិត្យលើចំណុចរួមរវាងអាជីវកម្មឌីស្គូតែក ខារ៉ាអូខេ និងរង្គសាល មានចំណុចរួមគឺ «ក្នុងអាគារ ឬបន្ទប់បិទជិត និងមានការប្រគុំតន្ត្រី និងចាក់ភ្លេងឱ្យភ្ញៀវរាំកម្សាន្ត» ខុសពីបៀរហ្គាឌិនដែលមានតែការប្រគំតន្ត្រី និងច្រៀងកំដរភ្ញៀវប៉ុណ្ណោះ «ពុំមានការរាំរែកនោះទេ»។
ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងដូសទី១ ដល់ពលរដ្ឋមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំ កាលពីថ្ងៃទី១ ខែវិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថា ការមិនអនុញ្ញាតឱ្យខារ៉ាអូខេ រង្គសាល និងឌីស្គូតែក បើកដំណើរការបានដោយសារទីតាំងអាជីវកម្មទាំង៣នេះជាអាជីវកម្មដែលមានការបិទជិត ពុំមានបរិយាកាសខ្យល់ចេញចូល ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានពន្យល់ប្រាប់ EAC News ថាបៀរហ្គាឌិនទោះបីជាមានការប្រគុំតន្ត្រី ឬចាក់ភ្លេងកំដរភ្ញៀវតែមានកន្លែងអង្គុយដាច់ៗពីគ្នា ខុសពីក្លិបឌីស្គូតែក ខារ៉ាអូខេ និងរង្គសាល។ ទោះជាយ៉ាងណាលោកថាការអនុញ្ញាតឱ្យបើកទីតាំងអាជីវកម្មហានិភ័យទាំង៣ខាងលើឬយ៉ាងណាគឺសូមរង់ចាំមើលសេចក្ដីសម្រេចថ្មីបន្ទាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកថា៖ «ការសម្រេចរឿងក្លិប រឿងខារ៉ាអូខេបន្តទៀតនៅពេលឆាប់ៗនេះ យើងរង់ចាំការបញ្ចប់សពុលភាពបម្រាមរបស់យើង១៤ថ្ងៃសិន» ៕