ប៉ៃលិន៖ ខេត្តដែលជាតំបន់រំដោះចុងក្រោយរបស់កម្ពុជាពីដៃខ្មែរក្រហមគឺ ខេត្តប៉ៃលិននៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រក្រឡាទៀតដែលត្រូវសម្អាត ខណៈផ្ទៃដីជិត ៧៩គីឡូម៉ែត្រក្រឡាត្រូវបានសម្អាតរួចរាល់។ នេះបើតាមអនុប្រធានទី១ នៃអាជ្ញាធរមីនលោក លី ធុច ដែលបានផ្សព្វផ្សាយក្នុងពិធីតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះ ដែលសេសសល់ពីសម័យសង្រ្គាមតាមព្រំដែនថៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
ក្នុងពិធីនោះអនុប្រធានទី១ នៃអាជ្ញាធរមីន លោក លី ធុច បានជំរុញឱ្យយមន្រ្តីនគរបាលប៉ុស្តិ៍ តាមបណ្តោយព្រំដែន ផ្សព្វផ្សាយជូនចំពោះពលរដ្ឋមិនត្រូវប្រថុយប្រថានចូលក្នុងតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់មិនត្រូវប៉ះពាល់គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញ បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសម័យសង្គ្រាមនេះ។
ទិន្នន័យប្រព័ន្ធព័ត៌មានជនរងគ្រោះរបស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងខេត្តប៉ៃលិនមានចំនួន ៤៤៦នាក់ ក្នុងនោះដោយសារមីនចំនួន ៣៨៩នាក់ និងគ្រាប់ចំនួន ៥៧នាក់។
កម្ពុជាមានផែនការបោសសម្អាតមីន និងសំណល់ជាផ្ទុះពីសង្គ្រាមឱ្យអស់ក្នុងឆ្នាំ២០៣០ខាងមុខ៕