ហ្វីលីពីន៖ ក្រុមហ៊ុនផ្តល់សេវាកម្មទស្សនាភាពយន្តឌីជីថល Netflix បានសម្រេចចិត្តដកខ្សែភាពយន្តរឿង Pine Gap ចំនួន ២ភាគចេញពីសេវានៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីប្រជាជន និងអ្នកគាំទ្រប្រើប្រាស់សេវាកម្ម Netflix នៅហ្វីលីពីនមានការខឹងសម្បារជុំវិញការប្រើប្រាស់ផែនទីក្នុងឈុតមួយនៃរឿងនេះ ដែលពាក់ព័ន្ធដល់ដែនអធិបតេយ្យភាពរបស់ហ្វីលីពីនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។
នៅថ្ងៃចន្ទម្សិលមិញនេះ ហ្វីលីពីនបានស្នើទៅកាន់ Netflix ឱ្យដកចេញនូវឈុតឆាកមួយចំនួនចេញពីរឿងរបស់អូស្រ្តាលីដែលមាន ៦ភាគ ដោយបានបញ្ជាក់ថាផែនទីដែលបានបង្ហាញនៅក្នុងខ្សែភាពយន្តនោះគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន។ ក្រោយមក ការស្នើរបស់ហ្វីលីពីនហាក់មានប្រសិទ្ធិភាព ដោយភាគទី២ និងភាគទី៣ នៃរឿង Pine Gap ពុំបានដាក់បញ្ចូលក្នុង Server សម្រាប់ទស្សនានៅហ្វីលីពីនទៀតឡើយ ដោយ Netflix មិនបានបញ្ជាក់ហេតុផលណាផ្សេងទៀតឡើយ ក្រៅតែពីបញ្ជាក់ថា ភាគទាំងពីរនេះត្រូវបានដកចេញដោយការស្នើរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា កន្លងមកចិនបានទាមទារស្ទើរតែទាំងស្រុងនៃដែនសមុទ្រទៅតាមផែនទីម្យ៉ាងដែលហៅថា "បន្ទាត់ទាំង ៩" ឬខ្សែបន្ទាត់ទម្រង់អក្សរ U ដែលត្រូវបានប្រើប្រាស់ក្នុងផែនទីចិនកន្លងមក ដែលផ្នែកខ្លះនៃតំបន់សមុទ្រដែលមានធនធានដ៏មហាសាលនេះក៏ត្រូវបានប្រជែងកាន់កាប់គ្រប់គ្រងដោយប្រទេសវៀតណាម ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីនជាដើមផងដែរ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ខ្សែភាពយន្តភាគ Pine Gap នេះក៏ត្រូវបានអាជ្ញាធរសោតទស្សន៍វៀតណាមស្នើឱ្យមានការលុបចោលចេញពី Server ក្នុងប្រទេសខ្លួនផងដែរ ដោយផ្អែកលើហេតុផលនៃកំហុសឆ្គងស្រដៀងគ្នាទៅនឹងការស្នើរបស់ហ្វីលីពីននេះដែរ៕