សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើវិសោធនកម្មរដ្ឋធម្មនុញ្ញតម្រូវឱ្យអ្នកកាន់តំណែងកំពូលរបស់ជាតិមានសញ្ជាតិតែមួយ

ភ្នំពេញ៖ ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលតម្រូវថ្នាក់ដឹកនាំកំពូលប្រទេសដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ញាតិខ្មែរតែមួយដោយសំឡេង៥៧លើ៥៧ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យអនុម័តរួចកាលពីថ្ងៃទី៨ ខែតុលា និងត្រូវបានសភាអនុម័តយល់ព្រមកាលពីថ្ងៃ២៥ ខែតុលា។ គោលបំណងនៃការធ្វើច្បាប់នេះគឺសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

បន្ទាប់ពីទទួលបានយោបល់យល់ព្រមពីព្រឹទ្ធសភា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីបន្តនីតិវិធីបង្គំទូលថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការ ។

អ្នកតាមដានយល់ថាច្បាប់នេះនឹងចេញ១០០ភាគរយ ខណៈដែលព្រះមហាក្សត្របានឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងឱ្យយោបល់រួចទៅហើយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

កាលពីថ្ងៃទី១១ ខែតុលា ព្រះមហាក្សត្រ ព្រះករុណាព្រះបាទបរមនាថនរោត្តម សីហមុនី បន្ទាប់ពីទទួលបាននូវការបកស្រាយពីក្រុមប្រឹក្សាធម្មនុញ្ញថាច្បាប់នេះអាចធ្វើទៅបាននោះ ព្រះមហាក្សត្របានអនុញ្ញាតដល់សម្ដេចតេជោ ហ៊ុន សែន ឱ្យបន្តដំណើរការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឱ្យចប់។

កាលពីម្សិលមិញក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១សម្រាប់ពលរដ្ឋអាយុ៦ឆ្នាំឡើង និងការបើកយុទ្ធនាការចាក់ជូនកុមារអាយុ៥ឆ្នាំ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាវិសោធនកម្មច្បាប់នេះមិនមែនធ្វើសម្រាប់តែពេលបច្ចុប្បន្ននេះ ហើយក៏មិនសំដៅលើអ្នកណាម្នាក់ដែរ ដោយថាដើម្បីជាប្រយោជនរាប់រយឆ្នាំទៅមុខរបស់កម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំអត់មានសំដៅទៅលើអ្នកណាមួយទេ! គោលដៅធំបំផុតគឺការការពារជាតិនេះឱ្យបាន បញ្ជៀសការជ្រៀតជ្រែកពីបរទេសហើយអ្នកឯងត្រូវបង្ហាញការស្មោះត្រង់ចំពោះជាតិ។ កុំអីឡើងប្រុចៗចោលប្រជាជន ទុកអាប៉ាស្ព័រមួយវាអត់កន្លែងរត់បានវានៅជាប់ជាមួយប្រជាជន។ […] ហើយអ្នកណាចង់រើសដាក់ខ្លួនថាធ្វើហ្នឹងដើម្បីរារាំងគេ ទោះបីអ្នកឯងមានសញ្ញាតិប៉ុន្មានក៏អ្នកឯងមកមិនរួចដែរឥឡូវនេះព្រោះហ៊ុន សែន សញ្ជាតិ១កំពុងតែអង្គុយកៅអីនាយករដ្ឋមន្ត្រីនេះ» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក