
សម្ដេចតេជោ ឱ្យត្រៀមទិញវ៉ាក់សាំងមកស្ដុកទុកក្រោយពីរង់ចាំសន្យារបស់អូស្ត្រាលីជាច្រើនខែនៅមិនទាន់ឃើញលទ្ធផល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក វង្ស៊ី វិស្សុត ឱ្យត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិនថែមទៀតបន្ទាប់ពីសម្ដេចយល់ថា ការសន្យាពីប្រទេសអូស្ត្រាលីដែលសន្យាផ្ដល់វ៉ាក់សាំងជាង ២លាន ៣សែនដូស មកកម្ពុជាកាន់តែមិនច្បាស់លាស់។
ថ្លែងក្នុងពីធិបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋ និងផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ឆ្នាំនៅព្រឹកនេះ សម្ដេចតេជោបានលើកឡើងថា ដោយឱ្យធ្វើការទំនាក់ទំនងទៅប្រទេសអូស្ត្រាលីបញ្ជាក់ពីការសន្យារបស់ខ្លួនដែលថានឹងបញ្ជូនវ៉ាក់សាំង Pifizer មកកម្ពុជា ខណៈសម្ដេចថាបើមិនច្បាស់លាស់នោះទេកម្ពុជានឹងទិញពីវ៉ាក់សាំងស៊ីណូវ៉ាក់ពីប្រទេសចិនដើម្បីយកមកស្តុកទុកដើម្បីកុំឱ្យកម្ពុជាខ្វះវ៉ាក់សាំងនៅពេលដែលត្រូវការ។
សម្ដេចតេជោ មានប្រសាសន៍ថា៖ «យល់ល្អបើថាអូស្ត្រាលី ២លាន ៣សែនដូស ជាមួយប្រព័ន្ធត្រជាក់មិនច្បាស់ទេ! ដាក់របស់យើងចូលមក។ ព្រោះខ្ញុំត្រូវការអាច្បាស់! ព្រោះការសន្យាវាយូរហើយ និយាយបែបនេះសូមអភ័យទោសពីសំណាក់ ឯកឧត្តម ម៉ូរី ស៊ុន»។
បើតាមសម្ដេចតេជោ ប្ដេជ្ញាថានឹងមិនឱ្យប្រជាជនកម្ពុជាគ្មានវ៉ាក់សាំងសម្រាប់ចាក់នោះទេ ខណៈបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងក្នុងឃ្លាំងចំនួនជាង ៩លាន ៣សែន វ៉ាក់សាំងរួចទៅហើយ និងត្រូវការត្រៀមទិញប្រមាណ ៣លានដូស បន្ថែមទៀតសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសអូស្ត្រាលីតាមរយៈអគ្គរដ្ឋទូតរបស់ខ្លួនគឺលោក Pablo Kang បានសន្យាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជានូវវ៉ាក់សាំងណាដែលអង្គការសុខភាពពិភពលោកដាក់ឱ្យប្រើប្រាស់។ ទោះជាយ៉ាងណាជំនួយវ៉ាក់សាំងនេះបានអូសបន្លាយជិតមួយឆ្នាំមកហើយដែលកម្ពុជានៅពុំទាន់ទទួលបាន៕