
BREAKING: រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានផ្សារចាស់ ក្រោយអាជីវករ១៨នាក់
(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែមេសានេះ បានចេញសេចក្តីណែនាំបន្ទាន់មួយ ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានផ្សារចាស់ ក្រោយរកឃើញអាជីវករ ១៨នាក់ឆ្លងជំងឺកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាល -១៩ ក្នុងមូលដ្ឋានផ្សារចាស់ ស្ថិតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការឆ្លង ជាបន្តបន្ទាប់ក្នុងចំណោមបងប្អូនអាជីវករ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បី ទប់ស្កាត់ជាបន្ទាន់។ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ៖ មានអាជីវករចំនូន ១៨ រូប រួមមាន លោក សុខ ប៉ែងសុន, លោកស្រី វ៉ាត់ វ៉ែន, លោក ហេង តែសុខ , លោកស្រី មាច គីមយ៉េត, លោកស្រី ចាន់ សារ៉ន, លោក ប៊ិន មុន្នី, លោកស្រី សុខ ម៉ៅ, លោក ស៊ឹម សុថាច, លោកស្រី ជូន សុគន្ធា, លោកស្រី ឆេង គឹមអេង, លោកស្រី អូន លឿន, លោកស្រី វ៉ា ថាវង្ស, លោកស្រី ទៀង វិបុល, លោក ខេង ឡៃលី, លោកស្រី ម៉ៃ សុខម៉ិច, លោកស្រី ដេន ចាន់ថន , លោកស្រី ហេង ស្រីមុំ និងលោកស្រី ទែន សំអូន ត្រូវបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។
ក្នុងសេចក្តីណែនាំ រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា នៅចំពោះមុខ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ-សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវ ក៏ដូចជា ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានផ្សារចាស់នេះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹកនិងណែនាំដូចខាងក្រោម៖
១៖ ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំង ប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារចាស់ គិតចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មកដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ ឬបន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល១៤ ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬបន្ទប់ ឬទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។
២៖ ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការ ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូល មកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារ ត្រូវបានបើកដំណើរការ ជាប្រក្រតីឡើងវិញ។
៣៖ ចំពោះប្រជាពលរដ្ឋ ដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារផ្សារចាស់ ក្នុងកាលៈទេសៈនេះ ដាច់ខាត គឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។ ក្នុងករណី ពិនិត្យឃើញថាមានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬ អនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក សូមបងប្អូនប្រជាពលរដ្ឋ ធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬ ទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានារក្សាការសម្ងាត់ជូនដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ បានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវី៥-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។
៤៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករសន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដី ដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវី៥-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើលណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួន តាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល៕