បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក្នុងពេលចុះពិនិត្យមណ្ឌលចត្ដាឡីស័កតាមព្រំដែនកាលពីថ្ងៃទី២៩ ខែតុលា បានលើកឡើងថា នៅសប្ដាហ៍ក្រោយខេត្តនឹងបញ្ជូនអ្នកធ្វើចត្តាឡីស័កនៅតាមទីតាំងទាំងអស់ទៅដាក់ក្នុងមណ្ឌលតែមួយ ខណៈទីតាំងបច្ចុប្បន្នដែលខេត្តខ្ចីពីមន្ទីរអប់រំនឹងប្រគល់ជូនមន្ទីរវិញ។
លោក អ៊ុំ រាត្រី បានបញ្ចាក់ថា មណ្ឌលថ្មីមានទីធ្លាធំទូលាយ និងអាចដាក់អ្នកធ្វើចត្តាឡីស័កបានប្រមាណ២៤០០នាក់ ។ មណ្ឌលនេះយ៉ាងយូមួយសប្តាហ៍ទៀតនឹងរួចរាល់ ហើយអាជ្ញាធរនឹងបញ្ជូនពលករដែលធ្វេីចត្តាឡីស័កតាមក្រុង-ស្រុក មកដាក់នៅមណ្ឌលថ្មីតែមួយ ដែលមានទីតាំង នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
លោកថា កន្លងទៅខេត្តបានយកសាលារៀនធ្វេីជាមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់ពលករដែលត្រលប់មកពីប្រទេសថៃ។ ដោយបច្ចុប្បន្នស្ថានភាពហាក់មានភាពធូរស្បេីយ សាលារៀនមួយចំនួនក៏បានបេីកបង្រៀនវិញ អាជ្ញាធរ ខេត្តក៏បានកំពុងបង្រួមមណ្ឌលចត្តាឡីស័កឱ្យនៅតែមួយកន្លែង ដេីម្បីផ្តល់សាលាជូនសិស្សានុសិស្សចូលរៀនវិញ ។
លោកអភិបាលខេត្តក៏បានឱ្យដឹងដែរថា ពលករដែលមកពីប្រទេសថៃ នឹងត្រូវញែកពីគ្នារវាងក្រុមដែលបានចាក់វ៉ាក់សាំងរួចនិងក្រុមដែលមិនទាន់ចាក់វ៉ាក់សាំងក្នុងពេលធ្វើចត្តាឡីស័ក។
អគ្គលេខាស្ថានទូតអូស្រ្តាលីលោក លីន ខិន ថេឌ្រីក និងប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តប្រវេសន៍កម្ពុជា(IOM) ក្នុងពេលចុះពិនិត្យជាមួយនឹងលោក អ៊ុំ រាត្រី កាលពីម្សិលមិញបាន កោតសរសេីរអាជ្ញាធរខេត្តបន្ទាយមានជ័យ ពីដំណេីការនៃការរៀបចំទទួលពលករតាមច្រកព្រំដែនកម្ពុជា-ថៃ ការរៀបចំតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការត្រៀមមណ្ឌលចត្តាឡីស័កថ្មីនេះ ថបានយកចិត្តទុកដាក់ និងមានការរៀបចំបានល្អប្រសើរ។
ដើម្បីទប់ស្កាត់ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីកន្លងទៅបានរៀបចំទីតាំងសាលារៀនមួយចំនួនដើម្បីធ្វើទៅជាទីតាំងធ្វើចត្តាឡីស័ក។
ទោះជាយ៉ាងណាដោយសារតែស្ថានភាពនៃជំងឺកូវី-១៩ បានធូរស្រាលហើយក្រសួងអប់រំនឹងរៀបចំបើកសាលារៀនឡើងវិញនៅខែក្រោយនេះ។ ទីតាំងចត្តាឡីស័កដែលជាសាលារៀនត្រូវបានរៀបចំទៅជាសាលារៀនដើម្បីបណ្ដុះបណ្ដាលសិស្សវិញ ខណៈដែលមណ្ឌលចត្តាឡីស័កក្នុងខេត្តរៀបចំរួចរាល់៕