
លោក ចាយ បូរិន ជំរុញពលរដ្ឋឲ្យទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ
ត្បូងឃ្មុំ៖ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ លោក ចាយ បូរិន ក្នុងពេលជួបសំណេះសំណាលជាមួយ អាជ្ញាធរភូមិ-ឃុំ ដើម្បីពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជំរុញទៅពលរដ្ឋឲ្យទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
លោក ចាយ បូរិន មានប្រសាសន៍ថា នីតិវិធីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹងកាលបរិច្ឆេទដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព យុត្តិធម៌នាពេលខាងមុខនេះ ។
លោកបន្តទៀតថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គឺគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយតម្រូវ និងជម្រុញអោយប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង និងអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
តាមប្រតិទិនរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ៥០ថ្ងៃ ហើយរយៈពេល១៥ថ្ងៃគឺត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃដូច្នេះ៥០ថ្ងៃគឺសំរាក ៣ថ្ងៃ គឺថ្ងៃ ទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ហើយក្នុងពេលសម្រាកម្តងៗ អាជ្ញាធរភូមិ-ឃុំនិងក្រុមការងារត្រូវយកចិត្តទុកដាក់ត្រួត ពិនិត្យមើលលទ្ធផលនិងវាយតម្លៃការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនអោយកាន់តែល្អប្រសើ បន្ថែមទៀត។
បន្ទាប់ពីបញ្ចប់ការសំណេះសំណាលលោក ចាយ បូរិន ក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឃុំសេដា ស្រុកតំបែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជា បោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលខាងមុខ តាមឆន្ទៈ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀត៕