ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែតុលានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីការត្រៀមដំណើរការប្រកួតបាល់ទាត់លីគទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
ក្នុងសេចក្តីជូនដំណឹងដដែលនោះបានឱ្យដឹងថា ចំពោះលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងក្លិប និងសមាគមបាល់ទាត់រាជធានី/ខេត្តទាំងអស់ដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួត ឬពាក់ព័ន្ធនឹងលក្ខខណ្ឌផ្សេងៗ អាចទាក់ទងទៅកាន់មន្រ្តីនៃលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាមរយៈលេខទូរសព្ទលេខ ០១៦ ៧០៨ ០៩៥/ ០៨១ ៦៥៨ ៣៣៧ និង ០៩២ ៩១១ ៣៤៥ ឬតាមរយៈអ៊ីមែល sochant@the-ffc.com , molin@the-ffc.com ឬ raneth.vy@gmail.com។
គួរបញ្ចាក់ថា ការប្រកួតបាល់ទាត់លីគទី២កម្ពុជា ឆ្នាំ២០២០ មានសមាសភាពចំនួន ១០ក្រុមចូលរួមដូចជា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង, កោះកុង អេហ្វស៊ី, ក្លិបបាល់ទាត់ឬទ្ធីសែន, ក្លិបបាល់ទាត់ខេត្តសៀមរាប, ភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ, អាយ អេស អាយ ដង្កោសែនជ័យ, មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, ក្លិបកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ និងក្លិបបាល់ទាត់ខេត្តព្រៃវែង ជាជើងឯក និងតម្លើងមកកាន់លីគកំពូលកម្ពុជា នៅក្នុងឆ្នាំ២០២១នេះ៕