កូរ៉េខាងត្បូង បន្ធូរបន្ថយច្រើនទៅលើវិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ខណៈនាយករដ្ឋមន្រ្តីប្រកាស "រៀនរស់ជាមួយកូវីដ-១៩"
កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ ទី២៩ ខែតុលានេះ អាជ្ញាធរកូរ៉េខាងត្បូងបានសម្រេចបញ្ចប់ការកំណត់ម៉ោងសំរាប់ដំណើរការអាជីវកម្មទាំងអស់ រាប់ចាប់ពីទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ព្រមទាំងចាប់ផ្តើមអនុវត្តវិធានការលិខិតចេញចូលសម្រាប់អ្នកចាក់វ៉ាក់សាំង ឬ vaccine passport នៅតាមបណ្តាទីតាំងប្រឈមនឹងហានិភ័យខ្ពស់មួយចំនួនដូចជា កន្លែងហាត់ប្រាណ (Gym), កន្លែងស្ទីម សូណា និងក្លិបរាត្រីជាដើម ដែលនេះជាផ្នែកមួយនៃការរកវិធី "រៀនរស់ជាមួយកូវីដ-១៩"។
ក្រុមអាជ្ញាធរបានបន្ថែមថា ផែនការនៃការអនុវត្តនេះនឹងមានសុពលភាពចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ ដែលនឹងជាជំហានដំបូងអនុវត្តរយៈពេល ១ខែសិន ខណៈរដ្ឋាភិបាលមានគម្រោងក្នុងការលុបចោលនូវវិធានការរឹតត្បិតទាំងអស់ទាំងស្រុងនាខែកុម្ភៈ ឆ្នាំ២០២២តទៅ។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum បានឱ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយតាមរយៈកញ្ចក់ទូរទស្សន៍ថា៖ "ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកានេះ សហគមន៍របស់យើងនឹងអនុវត្តជំហានដំបូងក្នុងការឈានឆ្ពោះទៅរកការរស់នៅក្នុងជីវភាពបែបគន្លងថ្មី។ យ៉ាងណាក៏ដោយ ការរៀនរស់ជាមួយកូវីដ-១៩នេះ មិនមែនមានន័យថាយើងបញ្ឈប់ការព្យាយាមប្រយុទ្ធនឹងកូវីដ-១៩ នោះទេ"។
កូរ៉េខាងត្បូងនៅតែប្រឈមនឹងតួលេខអ្នកឆ្លងខ្ពស់ប្រចាំថ្ងៃដដែល ប៉ុន្តែស្ថានភាពល្អប្រសើរជាងបណ្តាប្រទេសធំៗផ្សេងទៀត ខណៈចំនួនអ្នកឆ្លងក្នុងស្ថានភាពធ្ងន់ធ្ងរ និងអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ មានការធ្លាក់ចុះខ្លាំងមួយរយៈចុងក្រោយ។
កាលពពីសប្តាហ៍មុន កូរ៉េខាងត្បូងបានសម្រេចគោលដៅរបស់ខ្លួន ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ៧០ភាគរយ នៃចំនួនប្រជាជនសរុប ៥២លាននាក់របស់ខ្លួន ដែលជាសញ្ញាណកាន់តែប្រសើរក្នុងការជំរុញឱ្យមានការបើកប្រទេសឡើងវិញបណ្តើរៗ។ មកដល់ពេលនេះមានប្រជាជនជិត ៨០ភាគរយនៃប្រជាជនសរុបបានទទួលវ៉ាក់សាំងកូវីដ-១៩ ដូសដំបូង និងមានប្រជាជនចំនួនជាង ៧២ភាគរយបានទទួលវ៉ាក់សាំងកូវីដ-១៩ ពេញលេញ។ កូរ៉េខាងត្បូងមិនធ្លាប់ដាក់ប្រទេសក្នុងការបិទខ្ទប់ឡើយ ប៉ុន្តែជានិច្ចកាលបានរងផលប៉ះពាល់ដោយសារកូវីដ-១៩ ជារឿយៗ ខណៈកាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលបានប្រយុទ្ធនឹងកូវីដ-១៩ រលកទី៤ ដោយបានបង្កើននូវវិធានការរដ្ឋបាលមួយចំនួន ព្រមទាំងវិធានការរក្សាគម្លាតសង្គមតឹងរ៉ឹងផងដែរ៕