ភ្នំពេញ÷ លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថាគឺជារឿងធម្មតាដែលទូតមុខដដែលៗ បង្ហាញក្តីកង្វល់ពាក់ព័ន្ធ នឹងសំណុំរឿងសកម្មជនមួយចំនួនដែលត្រូវតុលាការកាត់ក្ដីឲ្យជាប់ពន្ធនាគារនាពេលកន្លងមក។ ការលើកឡើងនេះ គឺឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលបានសួរថា ហេតុអ្វីក៏ទូតមុខដដែលៗមួយចំនួនតែងតែបង្ហាញក្តីកង្វល់ និងរិះគន់លើដំណើការកាត់ក្តីសកម្មជន មួយចំនួននាពេលកន្លងមក?
លោក ជិន ម៉ាលីន បានឆ្លើយតបសំណួរនេះ នៅលើហ្វេសប៊ុករបស់ខ្លួន «វាជារឿងធម្មតាដែលគេបង្ហាញក្តីកង្វល់ពាក់ព័ន្ធសំណុំរឿងសកម្មជនទាំងនោះ ដែលជាក្រុមគោលដៅគេការពារ និងគាំទ្រនាពេលកន្លងមក ទៅតាមនិន្នាការនិងរបៀបវារៈនយោបាយរបស់គេរៀងៗខ្លួន។ តែប្រសិនបើពួកគេមិនខ្វល់ទៅវិញ ទើបវាជារឿងមិនធម្មតា»។
លោក ជិន ម៉ាលីន បានបន្តទៀតថា «ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញក្តីកង្វល់និងរិះគន់ ដល់ដំណើរការកាត់ក្តីសកម្មជនទាំងនោះ វាគ្រាន់តែជាសារនយោបាយតែប៉ុណ្ណោះ វាមិនមានទម្ងន់ផ្នែកច្បាប់និងឥទ្ធិពលអ្វី លើការសម្រេចរបស់តុលាការនោះឡើយ»។
បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលមានជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្សរូបនេះ បានគូសបញ្ជាក់ទៀតថា «មធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ ដើម្បីអាចជួយនិងការពារសកម្មជនទាំងនោះបាន គឺការចូលរួមក្នុងដំណើការនីតិវិធីតុលាការ ធ្វើការការពារខ្លួនតាមផ្លូវច្បាប់បង្ហាញនូវសក្ខីកម្ម និងភស្តុតាងរឹងមាំក្នុងការដោះបន្ទុកទៅនឹងបទចោទ ជាជាងធ្វើជាមេធាវីការពារក្តីនៅក្រៅរបងតុលាការ»៕