បាត់ដំបង៖ មនុស្ស០៥នាក់បានស្លាប់ភ្លាមៗ និង០១នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តប្រភេទដឹកទំនិញធុនតូចការពីព្រឹកថ្ងៃទី២៨ ខែតុលានេះនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីណូ ធុនដឹកជញ្ជូនធំ០១គ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1566 អ្នកបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ(ដឹកផ្លែស្វាយ)ក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញបាត់ដំបង )ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត០១គ្រឿង ម៉ាកនីសាន់ធុនដឹកទំនិញតូច(ដឹកកម្មករបេះក្រូច)ពាក់ស្លាកលេខបាត់ដំបង 2B.2211 ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើរសរុប០៥នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់(ប្រុស)ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ចំណែកអ្នកបើកបររថយន្តធុនធំរត់គេចខ្លួនបាត់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុរួចបានប្រគល់សាកសពរងគ្រោះទៅអោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីរគ្រឿងដែលខូចខាតត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕