អាល្លឺម៉ង់៖ Borussia Moenchengladbach បានបំបាក់ក្រុមខ្លាំង Bayern Munich ក្នុងលទ្ធផល ៥-០ ក្នុងជុំទី២នៃពានរង្វាន់ DFB Pokal ឬពាន German Cup ដែលខ្សែបម្រើមួយរូបរបស់ Moenchengladbach បានពណ៌នាថា វាហាក់ដូចជាក្តីសុបិន្តក្នុងការលត់ក្រុមខ្លាំងដូចជា Bayern Munich ចាស់ដៃ និងជាការឈ្នះលើកដំបូងបង្អស់ទល់នឹង Bayern ក្នុងពាននេះ។
ត្រឹម ២១នាទីប៉ុណ្ណោះក្នុងវគ្គទី១ Moenchengladbach បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ៣គ្រាប់ដែលធ្វើបានដោយកីឡាករ Kouadio Kone, Bansebaini និងមួយគ្រាប់ទៀតជាបាល់ពិន័យ ១១ម៉ែត្ររបស់ Bansebaini ដដែល។ វគ្គទី២ ម្ចាស់ផ្ទះនៅតែបន្តសំរុក និងទម្លាយសំណាញ់ទីបន្ថែមបាន ២គ្រាប់ទៀតដោយកីឡាករស្វីស Breel Embolo ម្នាក់ឯងក្នុងនាទីទី៥១ និងនាទីទី៥៧។
នាយកផ្នែកកីឡារបស់ក្លិប Moenchengladbach លោក Max Eberl បាននិយាយដោយរំភើបក្រោយការប្រកួតយប់មិញនេះថា៖ "ពេលខ្លះក្តីស្រមៃរបស់យើង ក្នុងការធ្វើឱ្យបាននូវលទ្ធផលបែបនេះ ប៉ុន្តែយើងពិតជាមិនធ្លាប់បានគិតថាវាអាចក្លាយជាការពិតទេ។ នេះគឺជាការប្រយុទ្ធដ៏ល្អបំផុត ហើយប្រាកដណាស់ថានេះគឺជាការប្រកួតដែលនឹងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តរបស់ក្លិប"។
ដោយឡែក នាយកផ្នែកកីឡារបស់ក្លិប Bayern Munich លោក Hasan Salihamidzic វិញយល់ឃើញថា អវត្តមានរបស់គ្រូបង្គោលលោក Julian Nagelsmann យប់មិញ មិនមែនជាផ្នែកមួយដែលជះឥទ្ធិពលដល់បរាជ័យយប់មិញនេះឡើយ ត្បិតការប្រកួតកន្លងដែលលោក Nagelsmann អវត្តមានដែរនោះ ក្លិប Bayern Munich អាចរកបានជ័យជម្នះយ៉ាងងាយ។ គួរបញ្ជាក់ថា លោក Julian Nagelsmann បានអវត្តមានពីការដឹកនាំក្រុម ក្រោយពីលោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩៕