អន្តរជាតិ៖ មេដឹកនាំប្រទេសចិន រុស្ស៊ី ជប៉ុន និងមិចស៊ិចកូនឹងមិនទៅចូលរួមកិច្ចប្រជុំប្រទេសរីកចម្រើនទាំង២០ (G20) ដោយផ្ទាល់នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នោះទេ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ចូលរួមដោយផ្ទាល់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
គេនៅមិនទាន់ដឹងពីមូលហេតុអ្វីដែលធ្វើឱ្យមេដឹកនាំប្រទេសទាំង៤នោះមិនចូលរួមនៅឡើយទេ ខណៈ Reuters អះអាងថាការអវត្តមាននេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃការធ្វើឱ្យមានវឌ្ឍនភាពល្អនៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងផ្តោតជាសំខាន់លើបញ្ហាបំរែបំរួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ១៩នោះទេ។
កិច្ចប្រជុំប្រទេសរីកចម្រើនទាំង២០ (G20) នឹងត្រូវរៀបចំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី៣០និង៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ៕