ស្រ្តីម្នាក់ចោទប្រកាន់ថាគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រើសអើងអ្នកជំងឺបណ្ដាលឱ្យកូនរបស់ខ្លួនស្លាប់
ប៉ៃលិន៖ ស្រ្តីជាម្តាយបានរៀបរាប់នៅក្នុងឃ្លីបវីដេអូមួយមានរយ:ពេលប្រមាណជាង៣នាទី ក្រោយពេលកូនរបស់ខ្លួនស្លាប់ថា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមិនបានយកចិត្តទុកដាក់ និងរើសអើសអ្នកជំងឺកូវីដ-១៩ បណ្ដោយឱ្យកូនរបស់អ្នកស្រីដែលទើបនឹងកើតប្រមាណ៣ថ្ងៃហើយស្លាប់ទៅវិញ ខណៈប្រធានមន្ទីរពេទ្យច្រានចោល ។
ក្នុងវីដេអូដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គម អ្នកស្រី ថោ ចាន់ទីន អាយុ២៦ឆ្នាំ រស់ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ថា នៅថ្ងៃទី២១ ខែតុលា ដោយសារពេទ្យបង្អែកស្រុកកំរៀងពុំមានសម្ភារៈបច្ចេកទេសគ្រប់គ្រាន់ អ្នកស្រីបានធ្វើដំណើរទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ នៅពេលដែលទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បុគ្កលិកពេទ្យនៅទីនោះបានឱ្យអ្នកស្រីធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលជាលទ្ធផលបង្ហាញវិជ្ជមាននៃជំងឺ។ អ្នកស្រីរៀបរាប់ទៀតថាក្រោយពេលដែលគ្រូពេទ្យឃើញថាគាត់មានជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យបានឱ្យអ្នកស្រីទៅសម្រាកនៅអាគារខាងក្រោយនៃមន្ទីរពេទ្យដែលមានសភាពដូចគេបោះបង់ចោល និងពុំបានយកចិត្តទុកដាក់នោះទេ រហូតដល់អ្នកស្រីចាប់ផ្ដើមសម្រាលកូននៅម៉ោងប្រមាណ២រសៀល។
អ្នកស្រីរៀបរាប់ថា៖ «ក្រោយពីសម្រាលកូនរួចហើយហេតុអ្វីបានជាមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទាំងមូលអត់មានសូម្បីតែម៉ាស៊ីនកំដៅ ឱ្យមានភាពកក់ក្តៅបែរជាឱ្យប្តីរបស់នាងខ្ញុំដាំទឹកក្តៅដាក់ជុំវិញកូនរបស់ខ្លួនដើម្បីឱ្យមានកំដៅទៅវិញ។ […] ក្រោយមកក៏បានដាក់ខ្យល់អុកស៊ីហ្សែនច្រមុះកូនរបស់ខ្លួនតាំងពីល្ងាចរហូតដល់ពេលព្រឹក លុះជំរុញឱ្យគ្រូពេទ្យបញ្ជូនទៅខេត្តផ្សេងគេមិនព្រមដោយប្រាប់ថាមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩»។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកវេជ្ជបណ្ឌិត គឹម សំណាង បានស្រាយថាក្រុមគ្រូពេទ្យមិនបានរើសអើងអ្នកជំងឺដូចការចោទប្រកាន់នោះទេដោយក្រុមគ្រូពេទ្យបានជួយនិងយកចិត្តទុកដាក់បំផុត តែដោយសារសុខភាពទារកខ្សោយពេកទើបពុំអាចជួយសង្គ្រោះបាន។
លោកវេជ្ជបណ្ឌិត គឹម សំណាង មានប្រសាសន៍បន្ថែមថា ស្ត្រីខាងលើបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននៅថ្ងៃទី២១ ខែតុលា វេលាម៉ោង៣និង៤២នាទីរសៀល ដោយកើតបានកូនប្រុស ទំងន់២,៧គីឡូក្រាម ហើយក្រុមគ្រូពេទ្យផ្នែកកុមារ និងពេទ្យឆ្មប រួមជាមួយគ្រូពេទ្យផ្នែកសង្គ្រោះ សរុបចំនួន៥ទៅ៦នាក់បានចូលទៅជួយសង្គ្រោះភ្លាមៗទាំងអស់គ្នា។ លោកបន្ថែមទៀតថាដោយសារសុខភាពទារកខ្សោយពេក ខាងមន្ទីរពេទ្យលោកក៏បានទាក់ទងទៅខាងមន្ទីរខេត្តបាត់ដំបងតែត្រូវបានបដិសេធដោយសារស្រ្តីខាងលើមានជំងឹកូវីដ-១៩ ក្រោយមកលោកក៏បានទាក់ទងទៅពេទ្យខេត្តសៀមរាបទើបខាងមន្ទីរពេទ្យខេត្តសៀមរាបទទួល។
បើតាមលោកប្រធានមន្ទីរពេទ្យ ដោយសារតែទារកខាងលើកើតមកភ្លាមគ្មានចង្វាក់បេះដូងនិងគ្មានដង្ហើម ហើយក្រុមគ្រូពេទ្យក៏បានពន្យល់ណែនាំប្រាប់ដល់ស្រ្តីជាម្តាយថាមានសង្ឃឹមតិចតួចបំផុត និងបានជួយម៉ាស្សាបេះដូងរហូតដល់មានដង្ហើមឡើងវិញ រួចក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ស្លាប់នៅទីនោះដោយសារតែទារកខាងលើកើតមកមានសុខភាពខ្សោយខ្លាំង៕