អង់គ្លេស៖ ខ្សែការពារ Matty Cash របស់ក្លិប Aston Villa នឹងអាចបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញបានជាផ្លូវការ បន្ទាប់ពីកីឡាកររូបនេះទទួលបានសញ្ជាតិប៉ូឡូញពីរដ្ឋាភិបាលជាស្ថាពរតាមផ្លូវច្បាប់។ ប្រធានសហព័ន្ធបាល់ទាត់ប៉ូឡូញ លោក Cezary Kulesza បានបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានប្រគល់សញ្ជាតិប៉ូឡូញជូនពីរដ្ឋាភិបាលនារសៀលថ្ងៃអង្គារម្សិលមិញនេះ ខណៈលោកប្រធានាធិបតីប៉ូឡូញ Andrzej Duda ក៏បានផ្ញើសារអបអរសាទរ និងជូនពរកីឡាកររូបនេះតាមរយៈបណ្តាញសង្គមរបស់លោកថា៖ "ចូលរួមអបអរសាទរ! និងជូនពរឱ្យមានសំណាងល្អលើទីលានប្រកួត"។
លើសារតាមរយៈបណ្តាញសង្គម Twitter នេះ Matty Cash ក៏បានឆ្លើយតបដោយក្តីរីករាយថា៖ "សូមអរគុណលោកប្រធានាធិបតី! នេះជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ខ្ញុំ និងជាពេលវេលាដ៏ពិសេស និងគួរឱ្យចងចាំមួយសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងក្រុមគ្រួសារខ្ញុំទាំងមូល"។ គួរបញ្ជាក់ថា Cash បានកើត និងធំធាត់ឡើងនៅចក្រភពអង់គ្លេសឯណោះទេ ប៉ុន្តែដោយសារម្តាយ និងជីតារបស់គេជាជនជាតិប៉ូឡូញ Cash បានសំរេចចិត្តក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិប៉ូឡូញជំនួសវិញ ត្បិតតំណែងរបស់គេហាក់មិនមានភាពច្បាស់លាស់ ឬក្តីសង្ឃឹមនៃការកោះហៅណាមួយពីសំណាក់ក្រុមជម្រើសជាតិអង់គ្លេសឡើយ។
ក្រោយទទួលបានសញ្ជាតិ និងក្លាយជាប្រជាជនប៉ូឡូញជាផ្លូវការហើយនោះ Matty Cash នឹងអាចត្រូវបានកោះហៅដោយដោយគ្រូបង្គោលក្រុមជម្រើសជាតិ លោក Paola Sousa សំរាប់ការប្រកួតជម្រុះ World Cup ដែលនៅសេសសល់ចំនួន ២ប្រកួតនាខែវិច្ឆិកាខាងមុខនេះ ពោលគឺប៉ូឡូញ នឹងត្រូវជួបជាមួយ អង់ដូរ៉ា (ក្រៅដី) នាថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ មុននឹងទទួលស្វាគមន៍ ហុងគ្រី នាថ្ងៃទី១៥ ខែវិច្ឆិកា។ បច្ចុប្បន្ននេះ ប៉ូឡូញ កំពុងឈរនៅចំណាត់ថ្នាក់លេខ ២ក្នុងពូល I នៃវគ្គជម្រុះ FIFA World Cup ២០២២ (ទ្វីបអឺរ៉ុប) មាន ១៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងអង់គ្លេស ៣ពិន្ទុ។
Matty Cash បច្ចុប្បន្នកំពុងលេងតំណែងជាខ្សែការពារកណ្តាលជាមួយក្លិប Aston Villa និងធ្លាប់ជាយុវជន U-18 របស់ក្លិប Nottingham Forest និងតម្លើងមកកាន់ក្រុមធំនៅឆ្នាំ២០១៦ មុននឹងផ្ទេរមកកាន់ Aston Villa កាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងតម្លៃផ្ទេរ ១៦លានអឺរ៉ូ រកគ្រាប់បាល់ដំបូងជាមួយ Aston Villa កាលពីខែកញ្ញាកន្លងមក ក្នុងជ័យជម្នះ ៣-០ ទល់នឹង Everton និងបង្ហាញខ្លួនសរុប ១០ប្រកួតនៅគ្រប់ក្របខណ្ឌរដូវកាលនេះ៕