អាល្លឺម៉ង់៖ ក្លិបបាល់ទាត់ VfL Wolfsburg បានប្រកាសពីការតែងតាំងលោក Florian Kohfeldt ជាគ្រូបង្វឹកថ្មីផ្លូវការ ក្រោយការប្រកាសបណ្តេញលោក Mark van Bommel ក្រោយលទ្ធផលមិនសមប្រកបផ្ទួនៗ ពោលគឺមិនស្គាល់ជ័យជម្នះម្តងណាសោះ ក្នុងការប្រកួត ៨លើកចុងក្រោយរបស់ក្លិបអាល្លឺម៉ង់មួយនេះ។
គួរឱ្យដឹងថា លោក Kohfeldt ក៏ទើបតែត្រូវបានក្លិបនៅអាល្លឺម៉ង់មួយទៀតគឺ Werder Bremen ប្រកាសបណ្តេញចេញពីតំណែងកាលពីខែឧសភាកន្លងទៅនេះ ពោលគឺបន្ទាប់ពីបុរសវ័យ ៣៩ឆ្នាំរូបនេះបានចំណាយពេលដឹកនាំក្លិបខាងលើនៅក្របខណ្ឌអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០១៧មក។ ការមកដល់ក្លិប Wolfsburg នេះ លោក Kohfeldt បានយល់ព្រមចុះកិច្ចសន្យាដឹកនាំក្លិបរហូតដល់ឆ្នាំ២០២៣។
លោក Marcel Schaefer នាយកបច្ចេកទេសកីឡារបស់ក្លិបនិយាយថា៖ "ក្លិបបានធ្វើការពិភាក្សាគ្នាជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ហើយបង្កើតជម្រើសជាច្រើនជុំវិញបេក្ខភាពដែលនឹងត្រូវជ្រើសរើសមកកាន់តំណែងដឹកនាំនេះ។ ជាចុងក្រោយក្លិបពិតជារីករាយដែលអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នាជាមួយលោក Florian Kohfeldt ហើយក្លិបជឿជាក់ថាភាគីទាំងអស់នឹងអាចឈានដល់ភាពជោគជ័យជាមួយគ្នាក្នុងពេលអនាគត"។
Wolfsburg រដូវកាលមុនបានបញ្ចប់ក្របខណ្ឌ Bundesliga ក្នុងចំណាត់ថ្នាក់លេខ៤ និងទទួលបានកៅអីក្នុងក្របខណ្ឌ UEFA Champions League ជាមួយក្លិបអាល្លឺម៉ង់ ៣ទៀតរួមមាន Bayern Munich, RB Leipzig និង Bourussia Dortmund។ យ៉ាងណាមិញ Wolfsburg មិនសូវធ្វើបានល្អប៉ុន្មានឡើយក្នុងពាន Champions League ពោលគឺ ៣ប្រកួតកន្លងទៅ ស្មើ ២ និងចាញ់ ១ និងកំពុងឈរបាតតារាងពូល G មាន ២ពិន្ទុស្មើជាមួយ Lille ខណៈ Sevilla មាន ៣ពិន្ទុ និង RB Salzburg ឈរកំពូលតារាងមាន ៧ពិន្ទុ។ ក្រឡេកមកចាប់អារម្មណ៍លទ្ធផលនៅលីគអាល្លឺម៉ង់ក៏មិនគាប់ប្រសើរប៉ុន្មានឡើយ ពោលគឺកំពុងឈរលេខ ៩ គម្លាតពីតំបន់ Top4 ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern ចំនួន ៩ពិន្ទុ។ Wolfsburg ៥ប្រកួតចុងក្រោយរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ។
ការចូលមកដឹកនាំ Wolfsburg ក្តៅៗនេះ លោក Florian Kohfeldt នឹងត្រូវរៀបចំក្រុមតតាំងជាមួយ Bayer Leverkusen នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនបន្តជួប Salzburg នៅពាន Champions League ក្រោយចាញ់ក្រុមមកពីប្រទេសអូទ្រីសនេះក្តៅៗ ៣-១ កាលពីជើងទី១៕