អង់គ្លេស៖ ក្រុមដែលកំពុងប្រកបអាជីពនៅលីគទី៣ Sunderland និងតោខៀវ Chelsea ព្រមទាំងក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយនៃពាន EFL Cup ជាផ្លូវការហើយ បន្ទាប់ពីបានទម្លាក់គូប្រជែងនៅវគ្គ ១៦ក្រុមចុងក្រោយរៀងៗខ្លួនកាលពីយប់មិញនេះ។
Sunderland ដែលបច្ចុប្បន្នកំពុងលេងនៅ EFL League One បានទម្លាក់ Queen Park Rangers ដែលកំពុងលេងនៅលីគទី២ EFL Championship ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីក្នុងលទ្ធផល ៣-១ បន្ទាប់ពីបញ្ចប់ ៩០នាទីដោយលទ្ធផលស្មើគ្នា ០-០។
ដោយឡែក តោខៀវ Chelsea ដែលត្រូវទទួល Southampton វិញនោះ ក៏បានឈានឡើងទៅកាន់វគ្គបន្តយ៉ាងតានតឹងផងដែរ ក្រោយចប់ ៩០នាទីក្នុងលទ្ធផល ១-១ ដោយគ្រាប់បាល់របស់ Kai Havertz នាំមុនមុននៅនាទីទី៤៤ មុនចប់វគ្គទី១ ហើយក្រុមភ្ញៀវ Southampton បានតាមស្មើវិញនៅដើមវគ្គទី២ ដោយ Che Adams នៅនាទីទី៤៧។ ក្រោយចប់ ៩០នាទី ឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្តី Chelsea បានឡើងទៅកាន់វគ្គបន្តដោយបាល់ ១១ម៉ែត្រយ៉ាងតានតឹងក្នុងលទ្ធផល ៤-៣។
ងាកទៅកាន់មួយគូទៀតក្នុងពាន EFL Cup យប់មិញនេះដែរ កាំភ្លើងធំ Arsenal ហាក់មិនមានការលំបាកឡើយក្នុងការឈានទៅកាន់វគ្គបន្ត ពោលគឺគ្រាប់បាល់វគ្គទី២ ដោយកីឡាករ Calum Chambers និង Nkeita ម្នាក់មួយគ្រាប់ គ្រប់គ្រាន់ល្មមឱ្យក្រុមលោក Mikel Arteta កក់កៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយជាផ្លូវការ។
ដោយឡែក សំរាប់កៅអីចំនួន ៥ ទៀតទៅកាន់វគ្គ ៨ក្រុមចុងក្រោយនឹងរកឃើញនៅយប់នេះ ពោលគឺ Burnley ជួបជាមួយ Tottenham Hotspurs, Leicester City ទទួល Brighton, Preston North End ជួប Liverpool, Stoke ទទួលស្វាគមន៍ Brentford និងមួយគូទៀត West Ham ប៉ះក្រុមការពារតំណែងជើងឯក Manchester City ខណៈការប្រកួតនឹងត្រូវធ្វើឡើងដំណាលគ្នាទាំង ៥គូនាវេលាម៉ោង ០១៖៤៥នាទីរំលងអធ្រាតនេះ៕