ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យចាប់ខ្លួនអតីតសមាជិកបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ លោក គង់ សភា និងលោក អ៊ូ ច័ន្ទឬទ្ធិ មកអនុវត្តន៍ទោសបន្ទាប់ពីបានចោទប្រកាន់ពីបទផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គមតាមមាត្រា២៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្នុងសាលសវនាប្រកាសសាលក្រមកាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឬទ្ធិ លោក គង់ សភា លោក សេង ម៉េងប៉ុនរ៉ុង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ និងបង្គាប់ឱ្យបង់ពិន័យក្នុងម្នាក់៤លានរៀល ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀតដាក់ពន្ធនាគារ២០ខែ តែអនុវត្តទោស១៥ខែ សល់ប៉ុន្មានត្រូវព្យួរ និងបង់ប្រាក់ពិន័យម្នាក់ៗចំនួន២លានរៀល បើគិតពីរយៈពេលជាប់ឃុំអ្នកទាំង១០នាក់នេះនឹងត្រូវដោះលែងនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
មានតែអនិជនខ្មែរអូស្ត្រាលីលោក ហុង លីម ម្នាក់គត់ត្រូវបានតុលាការឱ្យរួចផុតពីបទចោទប្រកាន់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ធ្លាប់ប្រាប់ EAC News ថាគ្រប់រឿងក្ដីដែលមានដីកាចាប់ខ្លួនពីតុលាការនៅពេលដែលសមត្ថកិច្ចទទួលបាននឹងចាត់វិធានការតាមនីតិវិធីរបស់ខ្លួន។
លោក ហូ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេសគេចពីការចាប់ខ្លួនបានសរសេរបង្ហោះលើហ្វេសបុករបស់លោកកាលពីម្សិលមិញថាការចោទប្រកាន់មកលើកលោកជាបន្តបន្ទាប់ពីសំណាក់តុលាការជារឿងនយោបាយ និងកាន់តែលើកទឹកចិត្តលោកឱ្យតស៊ូនឹងនយោបាយថែមទៀត។
បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន ដោយអាជ្ញាធរកម្ពុជាកាលពីខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក រ៉ុង ឈុន ថាកម្ពុជាបានប្រគល់ដីឱ្យវៀតណាម ជនជាប់ចោទដែលមានឈ្មោះ ហូ វ៉ាន់ ឈ្មោះ គង់ សភា ឈ្មោះ អ៊ូ ច័ន្ទរិទ្ធ និងសេង ម៉េងប៉ុនរ៉ុង បានប្រមូលអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឱ្យធ្វើការតវ៉ាដោះលែងលោក រ៉ុង ឈុន វិញ។
ក្នុងពេលតវ៉ានោះ តាមរបាយការណ៍របស់តុលាការ បានលើកឡើងថាជនជាប់ចោទទាំង ១០ នាក់ដែលបានចូលរួមក្នុងការតវ៉ានោះបានសរសេរលើហ្វេសប៊ុក និងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះដោយញុះញង់ប្រជាជនឲ្យប្រឆាំងនឹងអាជ្ញាធរ និងបានស្នើសុំឲ្យដោះលែងលោក ឈុនផងដែរដែលតម្រូវឱ្យអជ្ញាធរមានវិធានការចាប់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី៤ ខែសីហា និងថ្ងៃទី២០ ខែកញ្ញានៅកន្លែងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ៕