បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យសម្រេចចាក់វ៉ាក់សាំងជូនពលករខ្មែរទាំងអស់ដែលបញ្ចប់ការធ្វើចត្តាឡីស័កនៅតាមមណ្ឌលមុននឹងអនុញ្ញាតឱ្យពួកគេទៅផ្ទះវិញ។
អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក រឿន សុធី បានឱ្យដឹងថា ការចាក់វ៉ាក់សាំងនេះនឹងចាក់ជូនពលរដ្ឋដែលត្រលប់មកពីប្រទេសថៃហើយបញ្ចប់ការធ្វើចត្តាឡីស័កដោយផ្ទាល់នៅក្នងមណ្ឌលសម្រាប់ពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយជ័យ ខណៈពលរដ្ឋដែលរស់នៅខេត្តដទៃនឹងត្រូវបញ្ជូនទៅចាក់វ៉ាក់សាំងនៅទីតាំងចាក់វ៉ាក់សាំងក្នុងខេត្តសម្រាប់ដូសទី១ ហើយសម្រាប់ដូសទី២នឹងត្រូវចាក់តាមខេត្តរបស់ពួកគេ។
លោកក៏បានបញ្ជាក់ថា៖ «ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំងគឺអាចទៅចាក់តាមមន្ទីរពេទ្យដែលអាជ្ញាធរបានកំណត់ មួយវិញទៀតក្រុមការងារនឹងតាមដានចុះចាក់តាមមូលដ្ឋាន សម្រាកមនុស្សចាស់ ជនពិការដែលមិនបានអាចទៅចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យនិងចុះចាក់ដល់ផ្ទះជូនពួកគាត់តែម្តង»។
កាលថ្ងៃទី២៥ ខែតុលាម្សិលមិញ អភិបាលរងខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី និងក្រុមការងារបានចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដើម្បីត្រៀមបង្រួមមណ្ឌលតែមួយសម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃដោយជំហានដំបូងធ្វើការបង្រួមមណ្ឌលចត្តាឡីស័កណាដែលមានបងប្អូនពលករតិចនឹងត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កដែលនៅជិតដើម្បីរៀបចំសាលារៀនជូនសិស្សានុសិស្សបានសិក្សឡើងវិញបន្ទាប់ពីសាលានឹងត្រូវបើកឡើងវិញជាបណ្តើរៗ។
លោកស្រី រស់ សុផានី បានឱ្យដឹងថាគិតត្រឹមថ្ងៃទី២៥ ខែតុលា ពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តមានចំនួន ២ ០១៣នាក់ ក្នុងនោះស្រី ៨៤៨នាក់៕