បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី៣នាក់ (ជនជាត់ថៃម្នាក់) ដែលបានជួញដូរគ្រឿងញៀនជិត២៥គីឡូក្រាមទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានឱ្យEAC News ដឹងថា មុនឈានដល់ចាប់ខ្លួនជនសង្ស័យទាំង៣នាក់គឺផ្ដើមចេញពីការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ឈ្មោះ Suchat Wansuwong ភេទប្រុស ជាជនជាតិថៃ នៅក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយបានដកហូតថ្នាំញៀន ២៤,៨៨៨ក្រាម។ ក្រោយពីបានសាកសួរនឹងស៊ើបអង្កេតសមត្ថកិច្ចខេត្តបន្ទាយមានជ័យក៏បានសហការជាមួយសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាមេក្លោងគ្រឿងញៀនឈ្មោះ លាង ម៉ាប់ (ហៅទូច) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ដោយបានដកហូតថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន២កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ក្រហម WY ចំនួន៤កញ្ចប់ កូនជញ្ជីងថ្លឹងថ្នាំចំនួន០១ និងថង់សម្រាប់ច្រកមួយចំនួន។
បើតាមលោក សិទ្ធ ឡោះ បច្ចុប្បន្នមនុស្សទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីមានអនុវត្តនីតិវិធីច្បាប់ហើយ៕