ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ បានចុះហត្ថលេខាជាផ្លូវការយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo នៅព្រឹកនេះ។ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ជាការផ្ដួចផ្ដើមគំនិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េលោក ម៉ូន ជេអ៊ីន នៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មាន១០ជំពូក និង១៣១មាត្រា ដែលគ្រប់ដណ្ដប់លើពាណិជ្ជកម្មទំនិញរួមមាន ស្ដង់ដារបច្ចេកទេស នីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យនិងភូតគាមអនាម័យ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ ការទាមទារសំណង ការរៀបចំស្ថាប័ន និងអវសានប្បញ្ញាត្តិ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានឱ្យ EAC News ដឹងថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខានឹងត្រូវបញ្ជូនទៅឆ្លងនៅគណៈរដ្ឋមន្ត្រី និងសភាជាតិ មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យអនុវត្តន៍។ លោកបន្ថែមថាក្រោយពីព្រះមហាក្សត្រឡាយព្រះហស្ថលេខារួចកម្ពុជានឹងជូនដំណឹងទៅប្រទេសកូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី៦០ក្រោយពីបានជូនដំណឹង។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកម្ពុជាមានទីផ្សារច្រើនទៅកាន់ពិភពលោកដោយកម្ពុជានឹងទទួលបានការរួចពន្ធដល់ទៅ១ម៉ឺនបន្ទាត់ពន្ធទៅប្រទេសកូរ៉េខាងត្បូង ហើយក៏អាចទាក់ទាញអ្នកវិនិយោគបន្ថែមផងដែរ។

លោកបញ្ជាក់ថា៖ «ទីផ្សារកូរ៉េដែលយើងសំរេចចរចារបើកច្រកបានក្នុងពេលនេះនឹងបង្កើនឱកាសថែមទៀតសំរាប់ទំនិញកសិផល, កសិផលកែច្នៃវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ផលិតផលកៅស៊ូ គ្រឿងបន្លាស់ គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលឧស្សាហកម្មស្រាល និងផលិតផលផ្សេងទៀតមួយចំនួនធំដែលផលិតដោយអ្នកវិនិយោគក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសអាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។ ទន្ទឹមនឹងនេះក៏បង្កលក្ខណះងាយស្រួលដល់ការនាំចូលមកវិញនូវទំនិញអេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត និងសម្ភារៈបរិក្ខារដែលជាវត្ថុធាតុដើមនិងម៉ាស៊ីនឧបករណ៍ផលិតកម្មផ្សេងៗបំរើអោយការផលិតរបស់យើងដែលនឹងនាំអោយមានការកើនឡើងនូវផលិតភាពផលិតកម្ម ក៏ដូចជាគុណភាពផលិតផលសំរាប់នាំចេញ»។

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២១នេះមានទំហំប្រមាណជិត ៥៧៩លានដុល្លាអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េបានជិត១៤៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាជិត៤៣៥លានដុល្លារអាមេរិក។

កាលពីខែកញ្ញាកន្លងទៅកម្ពុជាក៏បានដាក់ឱ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរបន្ទាប់ពីសភាជាតិបានពិនិត្យអនុម័ត និងត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក