ភ្នំពេញ៖ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ អស់៤៧០,៩៤លានដុល្លារអាមេរិក។
ក្រសួងសង្គមកិច្ចបានឱ្យដឹងថា ចាប់តាំងពីអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់មកដល់ពេលនេះរដ្ឋាភិបាលបានបើកជូនពលរដ្ឋចំនួន៧ជុំរួចមកហើយ ទៅដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៧៨ ៤៥៩គ្រួសារ ដែលបានជួយដល់ពលរដ្ឋចំនួនជិត៣លាននាក់ (២ ៦៧៨ ០៣៩នាក់)។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឹកូវីដ១៩។
រហូតមកដល់ពេលនេះកម្ពុជាបានផ្ដល់សាច់ប្រាក់ជូនពលរដ្ឋងាយរងគ្រោះចំនួន៦ជុំ ដែលមាន១៦លើករួចមកហើយ ខណៈការបើកផ្ដល់សាច់ប្រាក់ជុំទី៧ លើកទី១ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១៕