អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះ អំពីការតែងតាំងអ្នកជំនាញសង្គមវិទ្យាសិង្ហបុរី លោកស្រី Noeleen Heyzer ជាបេសកជនពិសេសថ្មីប្រចាំប្រទេសមីយ៉ាន់ម៉ា។ លោកស្រី Noeleen Heyzer នឹងត្រូវជំនួសតំណែងលោកស្រី Christine Schraner Burgener ជាបេសកជនពិសេសជនជាតិស្វីសដែលបំពេញការងារនៅមីយ៉ាន់ម៉ាកន្លងមក។
លោកស្រី Heyzer បច្ចុប្បន្នមានវ័យ ៧៣ឆ្នាំធ្លាប់បំពេញតួនាទីក្នុងតំណែងជាន់ខ្ពស់ជាច្រើននៅអង្គការសហប្រជាជាតិ ជាពិសេសចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៤ ដែលរួមមានដូចជា ប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ លោកស្រីត្រូវបានតែងតាំងជាទីប្រឹក្សាពិសេសរបស់ UN សម្រាប់ប្រទេសទីម័រខាងកើត។
ក្នុងអំឡុងការបំពេញតួនាទីជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Noeleen Heyzer ធ្លាប់បានសហការយ៉ាងជិតស្និទជាមួយសមាគមអាស៊ាន ក៏ដូចជាអាជ្ញាធរនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការងារស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយអត្រាភាពក្រីក្រនៅមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានបិទបញ្ចប់នូវសករាជនៃលទ្ធិប្រជាធិបតេយ្យជាង ១០ឆ្នាំ ក្រោយការធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី០១ ខែកុម្ភៈ ខណៈអង្គការសហប្រជាជាតិ និងអាស៊ានបានរួមគ្នាជំរុញឱ្យរដ្ឋាភិបាលយោធាចាប់ផ្តើមការសន្ទនានយោបាយឡើងវិញ និងដោះលែងមន្ត្រីស៊ីវិលដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការធ្វើរដ្ឋប្រហារ។
គួរឱ្យដឹងផងដែរថា លោកស្រី Christine Schraner Burgener ដែលចាកចេញពីតំណែងបេសកជនពិសេសរបស់ UN នៅមីយ៉ាន់ម៉ារយៈពេល ៣ឆ្នាំកន្លះនេះ លោកស្រីនឹងចូលរួមតួនាទីមួយជាមួយរដ្ឋាភិបាលស្វីសជំនួសវិញ ខណៈលោកស្រី Noeleen Heyzer ព្រមទាំងអនុរដ្ឋមន្រ្តីការបរទេសព្រុយណេ Erywan Yusof ដែលទើបត្រូវបានតែងតាំងជាទូតអាស៊ានកាលពីខែសីហាកន្លងទៅនេះ រំពឹងថានឹងអាចទៅកាន់មីយ៉ាន់ម៉ាដើម្បីជួបជាមួយជនស៊ីវិលមួយចំនួន ជាពិសេសអតីតមេដឹកនាំស៊ីវិល លោកស្រី Aung San Suu Kyi តែម្តង៕
លោកស្រី Christine Schraner Burgener
លោកស្រី Noeleen Heyzer