សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អភិបាលរាជធានីភ្នំពេញចុះអន្តរាគមន៍ទប់ទំនប់សណ្តស្ទឹងព្រែកត្នោតកុំឱ្យជន់លិច

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃនេះបានដឹកនាំកម្លាំងចុះពិនិត្យ និងចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង។ នេះបើតាមការផ្សព្វផ្សាយរបស់សាលារាជធានីភ្នំពេញ។

ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាគំហុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈរដ្ឋបាលខណ្ឌដង្កោរក៏បានចេញសេចក្ដីជូនដំណឹងត្រៀមបង្កាជំនន់ស្ទឹងព្រែកត្នោតដែលអាចកើតឡើងជាយថាហេតុផងដែរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ ខែតុលា នេះ បានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោតដែលមានសង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឱ្យប្រុងប្រយ័ត្នចំពោះការជន់លិចពីជំនន់នៃដងស្ទឹងព្រែកត្នោតដែលបានឡើងដល់កម្រិតប្រុងប្រយ័ត្នខ្ពស់ហើយ។

ក្នុងសេចក្ដីជូនដំណឹងនោះបានសរសេរថា៖ «ដូច្នោះដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខួចខាតសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេតាត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិត» ។

អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា មានប្រសាសន៍ប្រាប់ EAC News ថាការកើនឡើងទឹកក្នុងស្ទឹងព្រែកត្នោតនេះបណ្ដាលមកពីភ្លៀងក្នុងខេត្តកំពង់ស្ពឺនៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះឡើងជាគំហុក។ លោកបន្ថែមថា ជាង១ខែមកហើយដែលក្រសួងពិនិត្យ និងមានវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់កុំឱ្យជំនន់នេះកើនឡើងធ្វើឱ្យជន់លិចផ្ទះពលរដ្ឋផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងព្យាយាមទប់ទល់ បើទោះបីជាមានហានិភ័យយ៉ាងមិចគឺយើងទប់ទល់ឱ្យខានតែបាន បើមិនបានទេយើងធ្វើយ៉ាងមិចត្រូវកាត់បន្ថយកម្រិតនៃការប៉ះពាល់ឱ្យបានទាបបំផុត» ។

គួររំលឹកផងដែរថា ជំនន់ស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោកាលពីឆ្នាំ២០២០ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ៥០០០គ្រួសារ ក្នុងនោះជាង៣០០០គ្រួសារត្រូវបានជម្លៀសទៅទីសុវត្ថិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក