អង់គ្លេស៖ ហង្សក្រហម Liverpool បំបាក់ម្ចាស់ផ្ទះ Manchester United យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Old Trafford ខណៈអ្នកគាំទ្ររាប់ពាន់នាក់បានបង្ហាញការខឹងសម្បារជាខ្លាំង រហូតដើរចេញពីកីឡដ្ឋានមុនការប្រកួតបញ្ចប់ដល់ទៅជាង ៣០នាទីឯណោះ។
អ្នកចាត់ការក្លិប Man Utd លោក Ole Gunnar Solskjaer បានពិពណ៌នាបរាជ័យដ៏ធ្ងន់ធ្ងរនេះថាជា "ថ្ងៃដែលអាក្រក់បំផុត" របស់លោកក្នុងនាមជាអ្នកចាត់ការក្លិប ប៉ុន្តែយ៉ាងណាមិញ Ole បាននិយាយថា លោកគ្មានគំរោងក្នុងការលាលែងពីតួនាទីនៅក្លិប Man utd ឡើយ។
ក្រោយចប់ការប្រកួត Ole Gunnar Solskjaer ដែលចូលកាន់តំណែងជាអ្នកចាត់ការក្លិបតាំងពីខែធ្នូ ឆ្នាំ២០១៨ និយាយថា៖ "វាមិនងាយស្រួលក្នុងការរកពាក្យអ្វីផ្សេងមកនិយាយក្រៅពីជាថ្ងៃដ៏អាក្រក់បំផុតក្នុងអាជីពជាអ្នកចាត់ការនោះឡើយ ជាពិសេសតាំងពីលោកចូលមកដឹកនាំក្លិបបិសាចក្រហម Manchester United"។
ប្រៀបធៀបនឹងរដូវកាលមុនជាមួយបរាជ័យទល់នឹង Tottenham Hotspurs ៦-១ លោក Ole ថាបរាជ័យ ៥-០ ទល់នឹង Liverpool នេះជារឿងអាក្រក់ជាងកាលចាញ់ Spurs ទៅទៀត ប៉ុន្តែយ៉ាងណាមិញលោកថាក្រុមទាំងមូលនឹងអាចឆ្លងផុតដំណាក់កាលនេះ និងកែប្រែទៅរកភាពល្អប្រសើរវិញក្នុងពេលឆាប់ៗខាងមុខ។
ពាក្យចចាមរ៉ាមពីអ្នកចាត់ការថ្មីក៏លេចឡើងជាបន្តបន្ទាប់ ជាក់ស្តែងបេក្ខភាព ២នាក់ដែលគេសំឡឹងឃើញ និងតែងតែភ្ជាប់ព័ត៌មានជាមួយជារឿយៗគឺអ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane និងបុរសសញ្ជាតិអ៊ីតាលី Antonio Conte។
Manchester United មិនស្គាល់ពាក្យថាឈ្នះនៅក្នុងលីគ ៤ប្រកួតជាប់គ្នាទៅហើយ ពោលគឺស្មើ ១-១ ទល់នឹង Everton ខណៈបីប្រកួតផ្សេងទៀត ចាញ់ Aston Villa, Leicester City និងចុងក្រោយចាញ់ Liverpool នេះ។ Man Utd ធ្លាក់មកដល់ចំណាត់ថ្នាក់លេខ ៧ មាន ១៤ពិន្ទុប៉ុណ្ណោះពីការប្រកួត ៩សប្តាហ៍ និងតាមពីក្រោយក្រុមកំពូលតារាង Chelsea រហូតដល់ ៨ពិន្ទុ។ កាលវិភាគដ៏លំបាកសំរាប់ Manchester United នៅតែបន្តក្នុងក្របខណ្ឌ Premier league ពោលគឺបន្តជួបជាមួយ Tottenham Hotspurs , Manchester City និង Watford ដែលដឹកនាំដោយលោក Claudio Ranieri ទើបបំបាក់ Everton ៥-២ ចុងសប្តាហ៍កន្លងទៅ៕