បាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន៥១នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួន ក្នុងពេលដែលពួកគេលួចឆ្លងដែនដោយខុសច្បាប់ដើម្បីចូលរកការងារធ្វើក្នុងទឹកដីថៃ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចណងមុាំងស្ថិតក្នុងភូមិ៥ ឃុំណងវែង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលពលករខ្មែរប្រុសស្រីទាំង៥១នាក់ខាងលើបានលបលួចឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃកំពុងល្បាតក៏បានស្ទាក់ចាប់ ដែលក្នុងនោះប្រុស៣៣នាក់និងស្រី១៨នាក់។
ក្រោយពីការចាប់ខ្លួនពលករខាងលើបានសារភាពថាពួកគេទាំងអស់គ្នាមានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងខេត្តឈុនបុរី ខេត្តណុនថ:បុរី និងទីក្រុងបាងកកប្រទេសថៃដោយត្រូវចំណាយអោយមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៤ ០០០បាតដល់ ៧ ០០០បាត ហើយត្រូវប្រគល់លុយមុនក្នុងម្នាក់៥០០បាតសិន។
ក្រោយពេលឃាត់ខ្លួនពលករខ្មែរទាំងអស់នោះត្រូវបានក្រុមយោធាថៃធ្វើការត្រួតពិនិត្យសុខភាពពួកគេទាំងអស់ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួតស្រុកគោកខ្យូងដើម្បីអនុវត្តតាមនីតិវិធី ៕