ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសបើកជើងហោះហើរត្រង់ ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ឡើងវិញបន្ទាប់ពីផ្អាកជាបណ្ដោះអាសន្នប្រមាណជិត៤ខែ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានលើកឡើងថា៖ «ការបើកនេះគឺដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញនៅសកម្មភាពសេដ្ឋកិច្ចនិងសង្គមជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មីរួមទាំងការស្ដារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះដែលនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ» ។
ក្នុងកិច្ចប្រជុំនៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំពីការដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញជាបណ្ដើរៗតាមបែបគន្លងថ្មីបន្ទាប់ពីប្រទេសបានធូរស្រាលពីជំងឺកូវីដ-១៩ ដោយឱ្យត្រៀមការបើកព្រំដែន និងជើងហោះហើរឡើងវិញ និងបន្ថូរវិធានការតឹងរឹងនៃការបិទទីតាំងអាជីវកម្ម។
សម្ដេចថានៅពេលនេះល្មមដល់ពេលវេលាដែលកម្ពុជាត្រូវដោះស្រាយបញ្ហារយៈពេលវែងដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញហើយ។
ការបើកជើងហោះហើរពីប្រទេសទាំងបីនេះ ធ្វើឲ្យកម្ពុជាមានជើងហោះហើរបន្ថែមទៀតលើជើងហោះហើរដែលមានស្រាប់មកពីប្រទេសសឹង្ហបុរី ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង៕